លោក នេត្រ ភត្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១% នៃប្រទេសកម្ពុជា។ លោកថា នេះគឺជាមោទកភាពរបស់កម្ពុជា ដែលមានផ្ទៃដីអភិរក្សធំ។ នេះបើយោងតាមផេកផ្លូវការរបស់លោក ដែលបានបង្ហោះនៅថ្ងៃទី៧ កុម្ភៈនេះ។
សម្រាប់អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ កម្ពុជាគឺជាប្រទេសមួយក្នុងទ្វីបអាស៊ី ដែលបានសម្រេចជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្ត្រទីក្រុងអាជី (AICHI) សម្រាប់ការអភិរក្សជីវៈចម្រុះសាកល ដោយកម្ពុជាមានផ្ទៃដីអភិរក្សធំជាង ៣ ដងនៃការកំណត់ផែនការយុទ្ធសាស្ត្រនៃការអភិរក្សជីវៈចម្រុះសាកល ដែលបានកំណត់ថាត្រឹមឆ្នាំ២០២០ ប្រទេសនីមួយៗត្រូវកំណត់តំបន់អភិរក្សដីគោករបស់ខ្លួនឱ្យបាន ១៧% នៃផ្ទៃដីសរុប។
លោកបានបញ្ជាក់ថា “នៅឆ្នាំ ២០២២ នេះ ផ្ទៃដីអភិរក្សមានទំហំ ៧,៣ លានហិកតានៃផ្ទៃដីគម្របព្រៃឈើសរុបដែលកម្ពុជាមាន ៨,៥លានហិកតា ស្មើនឹង ៤៦,៨៦%នៃផ្ទៃដីប្រទេសកម្ពុជា”។ លោកថា ដោយសារកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាមេរិក។
រាជរដ្ឋាភិបាលកម្ពុជានិងដៃគូបាននឹងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន យកថវិកាមកបង្កើននិងពង្រឹងការងារការពារនិងអភិរក្សធនធានធម្មជាតិដែលមាន។ នេះគឺជាមោទកភាព មួយសម្រាប់កម្ពុជាដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភត្ត្រា។
លោក បានបន្ថែមថា ថវិកាដែលបានពីការលក់ឥណទានកាបូននេះត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុងនោះរួមមានសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដោយផ្តល់ជម្រើសថ្មី និងកែប្រែជីវភាពសម្រាប់ពួកគាត់។
សូមបញ្ជាក់ថា ការលក់ឥណទានកាបូនចំនួន ២ គម្រោងបានធ្វើឡើងនៅ ទី១នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងទី២ គម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង (ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ) ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថាននិងដៃគូបាននិងកំពុងបន្តរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែងថែមទៀត។ ក្រុមហ៊ុនធំៗដែលសម្រេចទិញឥណទានកាបូនដោយឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដែលបញ្ជាក់ថា កម្ពុជាមានសមត្ថភាពការពារធនធានធម្មជាតិនៅក្នុងតំបន់ដែលលក់ឥណទានកាបូននោះបានល្អប្រសើរស្របតាមលក្ខខណ្ឌកំណត់៕