លោក សាម អ៊ីន បង្ហាញភាពជឿជាក់ជាងមុន ក្រោយជួបជជែកពិភាក្សាជាមួយសម្តេច ហ៊ុន សែន ជាង ២ម៉ោង

ភ្នំពេញ៖ លោក សាម អ៊ីន អតីតប្រធានគណៈកម្មាធិការនាយកស្តីទីនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងបច្ចុប្បន្ន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញភាពជឿជាក់ជាងមុន ក្រោយជួបជជែកពិភាក្សាជាមួយសម្តេច ហ៊ុន សែន ជាង ២ម៉ោង នៅគេហដ្ឋានរបស់សម្តេច ។

តាមរយៈបណ្តាញសង្គមហ្វេសបុក លោក សាម អ៊ីន ឱ្យដឹងថា នៅរសៀលថ្ងៃទី១២ មិថុនា នេះ បន្ទាប់ពីមានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពី សម្តេច ហ៊ុន សែន រូបលោក និងលោក សែម ហាក់ បានចូលជួបសំដែងការគោរព និងថ្លែងអំណរគុណដោយផ្ទាល់ដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅគេហដ្ឋានរបស់សម្តេច នៅទីក្រុងតាខ្មៅ ដែលសម្តេចបានផ្តល់ឱកាសឱ្យយើងទាំង២នាក់បានចូលបម្រើការងារក្នុងក្រសួងបរិស្ថាន។

លោកបន្តថា “ក្រោយជួបជជែកពិភាក្សាជាមួយសម្តេចនាយកជាង ២ម៉ោង ខ្ញុំមានភាពជឿជាក់កាន់តែខ្លាំងជាងមុនទៅលើអនាគតដ៏ល្អប្រពៃរបស់កម្ពុជា។ ខ្ញុំមានជំនឿមុតមាំថា សន្តិភាពនិងស្ថិរភាពនឹងរក្សាបានគង់វង្សល្អ ហើយភាពរីកលូតលាស់ រុងរឿង សម្បូរសប្បាយ ជាមួយចីរភាពបរិស្ថាន នឹងបន្តដំណើរទៅមុខ។ តទៅមុខគឺជាពេលវេលាល្អ ក្នុងការកសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូរ សម្រាប់ជាតិខ្មែរទាំងមូល”។

លោកថ្លែងបន្តថា៖ “សម្តេចតេជោ ពាក់អាវពណ៌ទឹកសមុទ្រ ដែលបង្ហាញអំពីទឹកចិត្តដូចមហាសមុទ្ររបស់លោក ដែលអាចទទួលទឹកហូរចូលពីគ្រប់ច្រកល្ហកបាន។ខ្ញុំពាក់អាវពណ៌បៃតង ដែលបង្ហាញអំពីក្តីស្រឡាញ់បរិស្ថាននិងធម្មជាតិ”។

កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បណ្ឌិត សាម អ៊ីន បានដាក់លិខិតទៅសម្តេច ហ៊ុន សែន ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានឱកាសចូលបម្រើការងារជួយរាជរដ្ឋាភិបាលក្នុងក្រសួងបរិស្ថាន និងរួមចំណែកលើការងារគាំទ្រសហគមន៍តំបន់ការពារ អភិវឌ្ឍអេកូទេសចរណ៍ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជាដើម។

ក្រោយពីបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើសុំទៅព្រះមហាក្សត្រឲ្យតែងតាំងបណ្ឌិត សាម អ៊ីន ជារដ្ឋលេខាធិការក្រសួងបរិស្ថានភ្លាមៗ ។ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យតែងតាំងបណ្ឌិត សាម អ៊ីន ជារដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី៤ ខែមេសា តែម្តង បន្ទាប់ពីអតីតមន្ត្រីបក្សក្រៅរដ្ឋាភិបាលរូបនេះបានចុះចូលជាមួយបក្សកាន់អំណាចបានតែ ២ថ្ងៃប៉ុណ្ណោះ។

លោក សាម អ៊ីន គឺជាមនុស្សទី៤ របស់គណបក្សប្រជាធិតេយ្យមូលដ្ឋាន ដែលបានសម្រេចចេញពីបក្សរបស់ខ្លួនទៅសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបណ្ឌិត យ៉ង សាំងកុមារ លោក ខាត់ សុធី និងលោក ឡឹក សុធា បាននាំគ្នាសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចកាលពីចុងឆ្នាំ២០២២ កន្លងទៅនោះ៕