បទវិភាគផ្នែកច្បាប់៖ តើក្របីជល់អ្នកដំណើរតាមផ្លូវសាធារណៈ ជាការទទួលខុសត្រូវរបស់អ្នកណាខ្លះ?

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មានករណី ក្របីរបស់អ្នកស្រុកមួយក្បាលដែលត្រូវបានព្រលែងចោល បានដេញវាត់ អ្នកកធ្វើដំណើរម៉ូតូពីរនាក់ឱ្យរងរបួសធ្ងន់ធ្ងរ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះធ្វើ ឱ្យមានការភ្ញាក់ផ្អើលអស់អ្នកធ្វើដំណើរ រួមជាមួយនឹងប្រជាពលរដ្ឋ រស់នៅក្នុងក្រុងប៉ោយប៉ែត។

លោក គី ពិសិដ្ឋ អ្នកជំនាញផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន “ខ្មែរឈានមុខ” ឬ “Khmer CM” នឹងធ្វើអត្ថាធិប្បាយផ្នែកច្បាប់ ថា តើក្របីជល់អ្នកដំណើរតាមផ្លូវសាធារណៈជាការទទួលខុសត្រូវរបស់អ្នកណាខ្លះ?

នៅកម្ពុជាមានក្រមព្រហ្មទណ្ឌឆ្នាំ២០១០ ដែលនិយាយពីការការពាររូបកាយមនុស្ស ឬបូរណភាពបុគ្គល និងការការពារទ្រព្យសម្បត្តិ(វត្ថុ)។ ប្រជាពលរដ្ឋខ្មែរ ចិញ្ចឹមគោ ឬក្របី លក្ខណៈគ្រួសារភាគច្រើនគឺព្រលែងដោយសេរីដែរ តែបើលក្ខណៈអាជីវកម្ម ត្រូវតែមើលថែឱ្យបានគត់មត់។
តែតាមច្បាប់ចរាចរណ៍ផ្លូវគោគឆ្នាំ២០១៧ គោ ក្របី គឺត្រូវតែដាក់ក្នុងទ្រុងជាដាច់ខាត ហើយបើវាដើរចេញក្រៅ ត្រូវមានម្ចាស់មើលថែ ហើយបើវាបង្ករការខូចខាត ត្រូវតែសងសំណងរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ អាស្រ័យលើស្ថានភាព និងករណីសិក្សានីមួយៗ ដែលមានលក្ខណ្ឌតឹងរឹង និងមានសំអាងហេតុ និងច្បាប់ច្បាស់លាស់ (មាត្រា ៨១ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ “ការប្រើសត្វជាអាវុធ”) ។

យោងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោគថ្មី ឆ្នាំ២០១៧ មាត្រា ៣៣ វាក្យខណ្ឌទី៥ចែងថា ហាមលែងសត្វឱ្យដើររហេតរហូត។ ត្រង់មាត្រានេះមានន័យគ្រប់គ្រាន់ហើយថា សត្វនិយាយជាទូទៅ ក្របីនិយាយដោយឡែកនៅទីនេះ ត្រូវហាមលែងឱ្យដើររហេតរហូត។ ដូច្នេះ បើម្ចាស់ក្របីព្រលែង ត្រូវគ្រប់គ្រងវាឱ្យបាន ចៀសវាងការបង្ករគ្រោះថ្នាក់ដល់អ្នកដទៃជាយថាហេតុចំពោះការធ្វើចរាចណ៍ និងព្យសនកម្មផ្សេងទៀត ដូចជាបង្ករបួសស្នាម ឬបង្ករគ្រោះថ្នាក់ដល់ស្លាប់។

ដូចបានដឹងត្រួសៗពីកាតព្វកិច្ចរបស់ម្ចាស់ក្របីខាងលើហើយ ក្របីជាសត្វចិញ្ចឹមត្រូវស្ថិតនៅលក្ខខណ្ឌមួយតឹងរឹង ព្រោះមិនដឹងថាក្របីអាចបង្ករគ្រោះថ្នាក់នៅតាមទីសាធារណៈនៅអំឡុងពេលបណ្តើទៅស្រែចម្ការឬដឹកចូលក្រោល។ ដូច្នេះ ក្របីត្រូវស្ថិតនៅក្នុងលក្ខខណ្ឌមានសុវត្ថិភាព។

យោងតាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ ចែងថា ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា បណ្តាលឱ្យស្លាប់អ្នកដទៃ ជាបទល្មើសមនុស្យឃាតដោយអចេតនាដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀលទៅ ៦ លានរៀល។ ដោយឡែកសំណងព្យសនកម្មលើជនរងគ្រោះ ជាការទទួលខុសត្រូវរបស់ម្ចាស់សត្វ។ មាត្រា ៧៥០ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ចែងថា បុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់អ្នកដទៃដោយសត្វដែលខ្លួនបានកាន់កាប់។

ដូច្នេះ ម្ចាស់ក្របី ត្រូវទទួលខុសត្រូវទាំងទោសព្រហ្មទណ្ឌ ប្រសិនបើខ្លួនពុំបានចាត់វិធានការ ថែរក្សាសត្វចិញ្ចឹមរបស់ខ្លួន ឱ្យម៉ត់ចត់ទេ ហើយសត្វចិញ្ចឹមរបស់ខ្លួនធ្វើឱ្យអ្នកដទៃរបួស ពិការ ឬស្លាប់។ តែបើខ្លួនបានថែរក្សាតាមច្បាប់កំណត់ហើយ នោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ ប៉ុន្តែ ទោះបីជាបានថែរក្សាម៉ត់ចត់ ឬមិនមិនម៉ត់ចត់ក្តី បើសត្វចញ្ចឹមរបស់ខ្លួនធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃ ឬបង្កររបួស ពិការ ឬស្លាប់ ម្ចាស់សត្វត្រូវតែសងសំណងរដ្ឋប្បវេណី និងសំណងជំងឺចិត្ត៕