ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រកាសធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតដើម្បីសំដៅពង្រឹងការទទួលខុសត្រូវសម្រាប់អ្នកឈរឈ្មោះឲ្យគេបោះឆ្នោត និងឈានទៅដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនបានទៅបោះឆ្នោត។
នេះបើតាមសារសំឡេងពិសេសរបស់សម្តេច នារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
ក្រោយការប្រកាសហើយ សម្តេច ហ៊ុន សែន បានប្រគល់ភារកិច្ចឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការសិក្សាជាបន្ទាន់មួយក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតសំដៅ ពង្រឹង ការទទួលខុសត្រូវសម្រាប់ អ្នកឈរឈ្មោះឲ្យគេបោះឆ្នោត និងឈានទៅដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនបានទៅបោះឆ្នោត សម្រាប់ការអនុម័តនាពេលខាងមុខ។
សម្តេចថា ទោះបីជាយ៉ាងណា វិសោធនកម្មនេះ ត្រូវធ្វើឲ្យបានមុនយុទ្ធនាការបោះឆ្នោតថ្នាក់ជាខែកក្កដាខាងមុខ។
សម្តេចបញ្ជាក់ថា”ការធ្វើវិសោធនកម្មនេះស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ពិសេសមាត្រា៣៤ថ្មីចែងថា បទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់”។
ការប្រកាសរបស់សម្តេចនេះ បន្ទាប់ពីក្រុមប្រឆាំងនាំគ្នាជជែកវែកញ៉ែកក្នុងលក្ខណៈមិនឲ្យពលរដ្ឋទៅបោះបោះឆ្នោត ក្រោយគ្មានវត្តមានបក្សភ្លើងទៀន៕