អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព. បានប្រកាសសាធារណៈហៅបុគ្គល០៩រូបមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដើម្បីជៀសវាងប្រឈមមុខនឹងផ្លូវច្បាប់ បន្ទាប់ពីអ្នកទាំងនោះមិនបានចូលរួមបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនតាមច្បាប់កំណត់។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៧ កុម្ភៈ របស់អង្គភាពប្រឆាំងអំពើពុករលួយ។
បុគ្គលទាំង៩នាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយឱ្យប្រញាប់ប្រញាល់មកប្រកាសទ្រព្យសម្បត្តិនិងបំណុលនោះរួមមាន ៖១. លោកអ៊ឹម សន ទីប្រឹក្សាក្រសួងព័ត៌មាន ,២.លោក វរសេនីយ៍ឯក ណយ ណុន នាយរងប៉ុស្តិ៍នគរបាលអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍,៣. លោកស្រី យិន រស្មី ប្រធានផ្នែកផ្សព្វផ្សាយ និងព័ត៌មាន នៃក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ ,៤. លោក លឹម ឡោកពិសិដ្ឋ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ,៥.លោក សោម សាបាន ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
,៦. លោក សេរី ម៉ាណុប ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ,៧. លោកស្រី ទិត្យរ៉ា ឬទ្ធិនី ជំនួយការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច,.៨ លោក សំ សេរីរ័ត្ន អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនិង៩ លោក ហេង ពិសាល នាយករងខុទ្ទកាល័យ នៃក្រសួងក្រសួងមុខងារសាធារណៈ។
ជាមួយនឹងការប្រកាសនេះ អ.ប.ព. ក៏បានរំលឹកពីទិដ្ឋភាពផ្លូវច្បាប់ ដែលអ្នកទាំងនេះ អាចនឹងប្រឈមក្នុងករណី មិនបានអនុវត្តន៍កាតព្វកិច្ចដែលមានកំណត់នៅក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ បើតាម អ.ប.ព. បានបញ្ជាក់ថា មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានចែងថា ជនណា ដែលមិនបានប្រកាស ទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ហើយត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រម ប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្ដន្ទាទោសទ្វេដង៕