ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានខកខានប្រារព្ធក្នុងទ្រង់ទ្រាយធំអស់រយៈពេល០២ឆ្នាំជាប់ៗគ្នាពោល គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ និយាយដោយឡែកសម្រាប់នៅកម្ពុជា និងនិយាយជារួមគឺក្នុងក្របខណ្ឌសកលលោក។ ប៉ុន្តែពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២២នេះ អាចនឹងត្រូវប្រារព្ធឡើងជាប្រក្រតីដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទាំងអស់អាចមានការជួបជុំគ្នាបាន តែត្រូវគោរពនូវវិធានការសុខាភិបាលដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ពីខេត្តក្រចេះនៅព្រឹកថ្ងៃទី៧ កុម្ភៈនេះ ក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីឱ្យខានតែបាន បន្ទាប់ពីខកខានពីរឆ្នាំហើយនោះ។
សម្តេច បានបញ្ជាក់ថា “សូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងប្រឹងប្រែងដើម្បីធ្វើយ៉ាងម៉េចកុំឱ្យដើរថយក្រោយ ខានចូលឆ្នាំពីរឆ្នាំហើយ ឥឡូវឆ្នាំនេះគឺប្តូរផ្តាច់ចូលឆ្នាំ នាំគ្នារាំលេងឱ្យសប្បាយទៅ។ ប៉ុន្តែរាំលេងឱ្យឃ្លាតពីគ្នាបន្តិច”៕