សម្ដេច ហ៊ុន សែន ៖ ខ្ញុំ មានសំណាង មានរដ្ឋមន្ត្រីសេដ្ឋកិច្ច២រូប ចេះសន្សំលុយ មិនខ្ជះខ្ជាយលុយ

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាលើកសរសេរពីរដ្ឋមន្រ្តីសេដ្ឋកិច្ច២រូប ដែល ចេះសន្សំលុយមិនខ្ជះខ្ជាយ ហើយសម្តេចថា មានភ័ព្វសំណាងណាស់ដែលមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ចេះសន្សំលុយសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិមិនមែនជារដ្ឋមន្ត្រីខ្ចិលធ្លុះ។

រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ២រូបនោះ រួមមាន ៖ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ អតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ននេះ។

នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាថ្ងៃ៧ មិថុនា សម្ដេចរំលឹកថា ឲ្យតែនៅរៀងរាល់ល្ងាចថ្ងៃ៣១ រាល់ខែសម្ដេចតែងតែផ្ញើសារដល់សមាជិករាជរដ្ឋាភិបាល បានដឹងពីចំណូលជាតិ ទទួលបានប៉ុន្មាន ខណៈខែមីនា កម្ពុជាទទួលបានចំណូលជាង១ពាន់លានដុល្លារ។

សម្ដេចគូសបញ្ជាក់ថា «ខ្ញុំជាមនុស្សដែលមានមានភ័ព្វសំណាងនៅត្រង់ថា ខ្ញុំមានរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចហរិញ្ញវត្ថុ២រូប មកហើយ ជារដ្ឋមន្ដ្រីមិនមែនខ្ចិលធ្លុះ ជារដ្ឋមន្ដ្រីចេះសន្សំលុយ។ អីចឹងបានជាយើងត្រូវហ៊ានដកយក២៣០លានជាង យកមកធ្វើស្ពាននេះ (ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅកៀនស្វាយ)»។

សម្ដេចរំលឹកថា គម្រោងដើមការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ភ្ជាប់ជាមួយការសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោមផងដែរ ហើយតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់នៅពេលឆ្លងកាត់។ ប៉ុន្តែដោយមិនចង់ឲ្យប្រជាពលរដ្ឋចំណាយលុយលើការឆ្លងស្ពាននោះ សម្តេចក៏សម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ សាងសង់ស្ពានឲ្យពលរដ្ឋឆ្លងដោយមិនគិតប្រាក់តែម្តង។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា «ខ្ញុំហាក់ដូចជាសំណាងដែរ តាំងពីឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រហូតដល់ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ចេះសន្សំលុយ»។

សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ គឺជាអ្នកនយោបាយជើងចាស់ម្នាក់ ហើយបានកាន់កាប់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០១៣ មុននឹងទទួលបានតំណែងជាឧបនាយករដ្ឋមន្ត្រីប្រចាំការ។ បច្ចុប្បន្នលោកក៏ជាអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ។ ចំណែក លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានបន្តកាន់តំណែងពីលោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ ជារដ្ឋមន្រ្តីសេដ្ឋកិច្ចរហូតដល់បច្ចុប្បន្ន៕