ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ សម្រេចបង្កើត “ក្រុមការងារអន្តរក្រសួង”

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្រន៍ សម្រេចបង្កើត “ក្រុមការងារអន្តរក្រសួងលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តកម្ពុជា ២០៣០” ដើម្បីប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

យោងតាមសេចក្តីសម្រេចលេខ ១១២ MISTI/២០២៣ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តកម្ពុជា ២០៣០ ដែលមាសមាសភាពមកពីអន្តរក្រសួង-ស្ថាបនសរុបចំនួន ៧២រូប ដោយដឹកនាំដោយ លោក ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួង ឧ.វ.ប.ន. ជាប្រធាន និងមានអនុប្រធាន និងសមាជិកមួយចំនួន ក្នុងនោះតំណាងក្រសួងទេសចរណ៍ដោយលោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍។

សេចក្តីសម្រេចនេះបន្តថា ក្រុមការងារនេះមានតួនាទីស្នូលក្នុងការសម្របសម្រួល និងផ្តល់ទិន្និន័យទៅតាមសូចនាករពាក់ព័ន្ធទាំងឡាយដែលដៅក្នុងក្របខណ្ឌតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តន៍ផែនទីបង្ហាញផ្លូវ វ.ប.ន កម្ពុជា ២០២៣០ ធានានូវសង្គតិភាពទិន្នន័យដែលផ្តលជូនត្រូវបានទទួលស្គាល់ដោយក្រសួង-ស្ថាប័ន ឬអង្គភាពសាមី ជាមន្ត្រីបង្គោលតាមក្រសួង-ស្ថាប័ន ឬអង្គភាពសាមីសម្រាប់ការអនុវត្តសកម្មភាពនានារបស់ក្រុមការងារ និងចូលរួមកិច្ចប្រជុំ ឬសិក្ខាសាលាតាមការអញ្ជើញរបស់លេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិ វ.ប.ន។

ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តកម្ពុជា ២០៣០ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ជាឯកសារគោលនយោបាយយុទ្ធសាស្រ្តដ៏មានសារៈ សំខាន់ក្នុងការជួយតម្រង់ទិសក្រសួង-ស្ថាប័នក្នុងការអនុវត្តគោលនយោបាយ ក្រោមការសម្របសម្រួលពីក្រសួង ឧ.វ.ប.ន. និងដើម្បីសម្រេចបានចក្ខុវិស័យរាជរដ្ឋាភិបាលក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ផែនទីបង្ហាញផ្លូវ វ.ប.ន កម្ពុជា ២០៣០ នេះ ផ្តោតលើសសរស្តម្ភ ៥ ដែលបានរំលេចនូវគោលដៅ ដែលត្រូវសម្រេចឱ្យបានក្នុងពេលវេលាជាក់លាក់រហូតដល់ឆ្នាំ ២០៣០ ដែលសសរស្តម្ភទី៖ ១.អភិបាលកិច្ច ២.ការអប់រំ ៣.ការស្រាវជ្រាវ និងអភិវឌ្ឍ ៤.កិច្ចសហការ និង ៥.ប្រព័ន្ធអេកូឡូស៊ី៕