សម្តេច ហ៊ុន សែន ចេញអនុក្រឹត្យ តែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ តែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាចំនួន ១៧ នាក់ ដើម្បីគ្រប់គ្រង និងចាត់ចែករៀបចំបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាព គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ វិជ្ជាជីវៈច្បាប់ និងជំនាញផ្សេងទៀតក្នុងវិស័យច្បាប់ និងយុត្តិធម៌។

យោងតាមអនុក្រឹត្យដែលចុះហត្ថលេខា ដោយ សម្តេច ហ៊ុន សែន នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ បញ្ជាក់ថា សមាសភាពក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាទាំង ១៧ នាក់នោះ ដែលត្រង់ចំណុចមាត្រា ត្រូវបានតែងតាំង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិធម៌ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាអនុប្រធាន និង លោក ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ជាអនុប្រធានប្រចាំការ។

ដោយឡែក សមាសភាពក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ១៤ នាក់ជាសមាជិក។ មាត្រា ២ ចែងថា បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

សម្តេច ហ៊ុន សែន បានតម្រូវឱ្យ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ពាក់ព័ន្ធនឹងបញ្ហានេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (ប.ភ.យ.ក.) ដែលជាគ្រឹះស្ថានបណ្ដុះបណ្តាលសាធារណៈស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រសួងយុត្តិធម៌ ដែលលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាប្រធាន។

ព្រះរាជក្រឹត្យនេះ បញ្ជាក់ថា ការរៀបចំ ប.ភ.យ.ក. នេះមានគោលបំណងដើម្បីធានា និងលើកកម្ពស់សមត្ថភាព គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ វិជ្ជាជីវៈច្បាប់ និងជំនាញផ្សេងទៀតក្នុងវិស័យច្បាប់ និងយុត្តិធម៌ ព្រមទាំងពង្រឹងការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ នៅកម្ពុជា។

ព្រះរាជក្រឹត្យ បញ្ជាក់ថា ប.ភ.យ.ក. ត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាល ប.ភ.យ.ក. ដែលមានសិទ្ធិអំណាចទូទៅ ដើម្បីចាត់ចែងការងារក្នុងក្របខ័ណ្ឌដែលត្រូវបានកំណត់ដោយបទប្បញ្ញត្តិ នៃព្រះរាជក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។

ព្រះរាជក្រឹត្យ បញ្ជាក់ទៀតថា៖ «សមាសភាពក្រុមប្រឹក្សាភិបាល ប.ក.យ.ក. ត្រូវតែងតាំងដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ក.យ.ក.។

សមាជិកក្រុមប្រឹក្សាភិបាល ប.ក.យ.ក. មានអាណត្តិ៥ឆ្នាំ។ នៅពេលចប់អាណត្តិ សមាជិកក្រុមប្រឹក្សាភិបាល ប.ភ.យ.ក. អាចត្រូវបានតែងតាំងបន្តសម្រាប់អាណត្តិថ្មីបាន»៕