ខេត្តព្រះសីហនុ ស្វាគមន៍ក្រុមហ៊ុនវិនិយោគថ្មីចំនួន៣មានទុនវិនិយោគ២៨លានដុល្លារ

ព្រះសីហនុ៖ ក្រុមហ៊ុនវិនិយោគថ្មីចំនួន៣សម្រេចបោះទុន ២៨លានដុល្លារក្នុងការវិនិយោគ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ។ នេះបើតាមកិច្ចប្រជុំ “ច្រកចេញចូលតែមួយ” ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និង លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។

បើតាមរដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតំលៃលក្ខណៈសម្បត្តិគម្រោងវិនិយោគ ដែលបានចុះពិនិត្យជាក់ស្តែងដោយផ្ទាល់ដោយគណៈកម្មការអន្តរក្រសួង។

នៅក្នុងកិច្ចប្រជុំនេះលោកអភិបាលរងបានផ្តល់ការគាំទ្រដល់គម្រោងវិនិយោគទាំង៣ ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុរួមមាន៖ ១.ក្រុមហ៊ុនកែច្នៃឈើដាំ (អាកាស្យា និងប្រេងខ្យល់)ទុនវិនិយោគសរុប៨.៥លានដុល្លារ ២.ក្រុមហ៊ុន កែច្នៃម្ហូបអាហារ ទុនវិនិយោគសរុប៦.១លានដុល្លារ និង៣.ផ្សារទំនើប ដែលទំហំសរុប៤២.០០០ ម៉ែត្រការ៉េ ទុនវិនិយោគសរុប ១៤លានដុល្លារ។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានឯកភាព និងបានសំណូមពរឱ្យរដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបន្តធ្វើការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យដាំដើមអាកាស្យា និងដើមប្រេងខ្យល់ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ក្រុមហ៊ុន និងចូលរួមកាត់បន្ថយការនាំចូលពីបរទេស ព្រមទាំងពិនិត្យបន្ថែមទៅលើការសាងសង់ ដំណើរការអាងប្រព្រឹត្តិកម្មកាកសំណល់រាវ និងការគ្រប់គ្រងសំណល់រឹងជៀសវាងឱ្យខានតែបាននូវការប៉ះពាល់ដល់បរិស្ថាននៅជុំវិញគម្រោង៕