សម្តេច ស ខេង ៖ សមត្ថកិច្ចត្រូវដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យទារកស្លាប់លើស្ពានជ្រោយចង្វារ

ភ្នំពេញ ៖ ទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យទារកម្នាក់ស្លាប់យ៉ាងអណោចអធមហួសកន្លងទៅ អស់រយៈពេលជាច្រើនខែក៏ដោយ ប៉ុន្តែសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ)មិនភ្លេចឡើយដោយបានណែនាំដល់សមត្ថកិច្ចត្រូវខិតខំប្រឹងប្រែងដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីផ្តល់ភាពយុត្តិធម៌ដល់គ្រួសារ។

ក្រោយបញ្ចប់ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃ២៥ ឧសភា សម្ដេច ស ខេង បានផ្តល់បទសំភាសន៍យ៉ាងខ្លីដល់អ្នកសារព័ត៌មានដោយស្នើសមត្ថកិច្ចគ្រប់គ្រងគោលដៅនៃគ្រោះថ្នាក់ចរាចរណ៍ ត្រូវខិតខំប្រឹងប្រែងដោះស្រាយ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នករងគ្រោះ។ ក្នុងនោះ «ហេតុការណ៍ដែលកើតឡើងនៅកន្លែងមួយ (ទារកស្លាប់លើស្ពានជ្រោយចង្វារក្នុងគ្រោះថ្នាក់ចរាចរណ៍)សមត្ថកិច្ចនៅកន្លែងនោះ ត្រូវខិតខំប្រឹងប្រែងដោះស្រាយផ្ដល់យុត្តិធម៌ឲ្យអ្នករងគ្រោះ»។ នេះបើតាមការគូសបញ្ជាក់របស់សម្តេច ស ខេង បន្ថែមទៀត។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Lexus NX200T និងម៉ូតូមួយគ្រឿង បានកើតឡើងនៅវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វារចាស់បណ្តាលឲ្យអ្នកជិះម៉ូតូ៣នាក់រងរបួសធ្ងន់ក្នុងនោះមានទារកម្នាក់។ ម្ចាស់រថយន្តឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ បានបើកបរក្នុងស្ថានភាពស្រវឹង និងមិនប្រុងប្រយ័ត្នបណ្តាលឲ្យបុកម៉ូតូ។ ចំណែកទារករងគ្រោះមានអាយុ៦០ថ្ងៃ បានទទួលមរណៈភាព នារយៈពេល៦ថ្ងៃក្រោយមក។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនបង្កមិនទាន់បង្ហាញមុខទទួលខុសត្រូវនៅមុខច្បាប់នៅឡើយទេ។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ក្រោយទទួលបានសំណុំរឿងខាងលើ តំណាងអយ្យការបានស៊ើបអង្កេតបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ ហើយបានចេញដីកាឲ្យជនបង្កឈ្មោះ សោម ណូរីទីឃា ចូលខ្លួនដោះស្រាយទទួលខុសត្រូវ ប៉ុន្តែជននេះនៅតែមិនត្រូវបាននាំឲ្យអយ្យការ ដើម្បីស្តាប់ចម្លើយ អំពីអង្គហេតុខាងលើ៕