ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈនេះ នាវិមានសន្តិភាព លោក ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានលើកឡើងពីការគាំទ្រដំណើរបេសកកម្មការងាររបស់សម្តេច ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ាកាលពីពេលកន្លងទៅនេះ ហើយលោកមានជំនឿថា ក្នុងនាមប្រធានអាស៊ាន សម្ដេចនឹងនាំមកនូវសាមគ្គីភាព និងវឌ្ឍនភាពអាស៊ាន នាពេលខាងមុខជាក់ជាមិនខាន។ នេះបើយោងតាមផេកសម្តេចដែលបានបង្ហោះនៅថ្ងៃនេះ។
លោក ណារ៉ុងផាន់ ជិតកែវធែ បានគូសបញ្ជាក់ថា នេះគឺជាដំណើរចេញក្រៅប្រទេសលើកទី១ ហើយកម្ពុជាគឺជាប្រទេសទី១ ដែលលោកមកធ្វើទស្សនកិច្ចផ្លូវការក្នុងនាមមេបញ្ជាការកងទ័ពជើងគោករបស់ថៃ។ ជាមួយគ្នានេះ លោកក៏បានអបអរសាទរ ដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។
ពាក់ព័ន្ធនឹងវិស័យយោធារបស់ប្រទេសទាំងពីរវិញ លោក បានគូសបញ្ជាក់ថា កងទ័ពកម្ពុជា និងកងទ័ពថៃ មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ។ លោក ថា ក្នុងនាមលោកជាមេបញ្ជាការកងទ័ពជើងគោក លោកនិងរក្សាទំនាក់ទំនងនេះ និងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងអំពើខុសច្បាប់ដទៃទៀត។
ជាការឆ្លើយតប សម្ដេចបានអរគុណមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ នេះ និងដែលបានគាំទ្រនូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។
និយាយពីទំនាក់ទំនងរវាងកម្ពុជា-ថៃ សម្តេចក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចថា ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅឡើង ជាពិសេសការជឿទុកចិត្តគ្នាទៅវិញទៅមក។
សម្តេច បានគូសបញ្ជាក់ថា ឈរលើទំនាក់ទំនងដ៏ល្អនេះ កងទ័ពគប្បីណាដើរតួនាទី ជាកងទ័ពការទូត រក្សាសន្តិភាព ស្ថិរភាព បង្កើនជំនឿទុកចិត្ត ឲ្យប្រជាជននៅតាមព្រំដែន មានជំនឿចិត្តប្រកបអាជីវកម្ម ជំរុញការអភិវឌ្ឍនៅតាមព្រំដែន ប្រែក្លាយព្រំដែនជាតំបន់ដែលមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ៕