លោក វី សំំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការបដិសេធ និងដកហូតដីព្រៃឈើសរុប២៦ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកទុកជាទ្រព្យសម្បត្តិរដ្ឋវិញ។ ការសម្រេចនេះគឺធ្វើឡើងបន្ទាប់អាជ្ញាធររកឃើញថា ដីទាំងនេះបានទទួលរងនូវការកាន់កាប់គាស់ រុករាន ទន្រ្ទានយកពីដីព្រៃរដ្ឋមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ នេះបើយោងលិខិតចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
ទីតាំងដីចំនួនពីរកន្លែងទំហំ២៦ហិកតានេះ គឺស្តិនៅក្នុងដែនជម្រកសព្វព្រៃភ្នំឱរ៉ាល់ ត្រង់ចំណុចភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចំណុចនិយមកា និងផែនទីបង្ហាញទីតាំងភ្ជាប់ជាមួយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក វី សំណាង បានកំណត់រយៈពេល៣០ថ្ងៃ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ាចំពោះករណីនេះ៕