សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាសម្រេចបានការចេញអង្ករចំនួន៥៣,០៣៦តោន ក្នុងទំហំទឹកប្រាក់ចំនួន ៣៥.៧២ លានដុល្លារ ទៅកាន់គោលដៅទីផ្សារចំនួន៣៤ ក្នុងនោះប្រទេសចិន និងតំបន់ស្វយ័តហុងកុងបានស្រូបយកចំនួន ៥៨.៧៩% ឬ ស្មើនឹង ៣១.១៨១ តោន ប្រទេសចំនួន ១៦ នៅក្នុងទ្វីបអឺរ៉ុបបានចំនួន ១២.៥៤២ តោន ឬស្មើនឹង ២៣.៥៨% នៅតំបន់អាស៊ានមានចំនួន ៦.២៧៧ តោន ឬស្មើនឹង ១១.៨៤% និងគោលដៅផ្សេង ចំនួន ៣.០៧២ តោន ឬស្មើនឹង ៥.៥២%។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រភពដដែល បានបន្តថា បរិមាណនៃការនាំចេញអង្ករចេញនេះ គឺមានកំណើនចំនួន ៥៤.៧៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ជាក់ស្តែងក្នុងខែមករាកន្លងទៅនេះ ការនាំចេញស្រូវមានចំនួន ២៧៥.៥១១ តោន គិតជាទឹកប្រាក់ប៉ាន់ស្មានមានប្រមាណជា ៦០.៦១ លានដុល្លារ។
សូមរម្លឹកជូនថា កាលពីឆ្នាំ២០២១ កម្ពុជាបាន នាំចេញអង្ករទៅកាន់គោលដៅសរុបចំនួន ៥៦ប្រទេស និងតំបន់បានបរិមាណចំនួន ៦១៧.០៦៩ តោន គិតជាទឹកប្រាក់ចំនួន ៤១៨.១៥ លានដុល្លារ និងបាននាំស្រូវចេញចំនួន ៣.៥២៧.៤១៨ តោនគិតជាទឹកប្រមាណ៨៤៥.៩៥លានដុល្លារសហរដ្ឋអាមេរិកទីផ្សារប្រទេសចិនរួមទាំងតំបន់ស្វយ័តចិនហុងកុង និងម៉ាកាវជាទីផ្សារអង្ករធំជាងគេដែលកម្ពុជាបាននាំចេញអង្ករសរុបចំនួន ៣០៩.៧០៩តោន ដែលគិតជាទឹកប្រាក់ មានចំនួន ១៨៥.៦៩ លានដុល្លារ បរិមាណនេះ គឺគ្របដណ្តប់លើ ៥០% នៃការនាំចេញអង្ករសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕