សម្តេច ស ខេង៖ កម្ពុជា-សឹង្ហបុរី រៀបចំឱ្យមាននូវឯកសារសហប្រតិបត្តិការជាផ្លូវការ

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជា និងសឹង្ហបុរី កំពុងតែជជែក ពាក់ព័ន្ធទៅនឹងការរៀបចំឱ្យមាននូវឯកសារសហប្រតិបត្តិការជាផ្លូវការជាមួយគ្នា។

ការលើកឡើងរបស់សម្តេច ស ខេង ខាងលើនេះ ធ្វើឡើងនៅថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២៣ នៅគ្រាដែលសម្តេចបានអនុញ្ញាតជូន លោក ធាវ ឈី ហាន (TEO CHEE HEAN) ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខ នៃសាធារណរដ្ឋសឹង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

សម្ដេច សង្ឃឹមជឿជាក់ថា ការរៀបចំឱ្យមាននូវឯកសារសហប្រតិបត្តិការនេះ គឺជាកិច្ចការមួយដែលសមស្របទៅនឹងបរិបទបច្ចុប្បន្នដែលប្រទេសទាំងពីរ មានការធ្វើដំណើរទៅវិញទៅមកកាន់តែមានច្រើនឡើងផងដែរ។ មួយវិញទៀត គឺសមស្របតាម កាលៈទេសៈ ស្ថានភាពប្រែប្រួល នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស បទល្មើសមិនព្រៃណីដែលកំពុងមានការកើតឡើង។

ជាការឆ្លើយតប លោក ធាវ ឈី ហាន (TEO CHEE HEAN) ថ្លែងថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្ដិសុខលោក អរគុណចំពោះសម្ដេច ស ខេង ចំពោះការជួយគាំទ្រនាពេលកន្លងមក ក្នុងកិច្ចសហប្រតិបត្តិការរវាង ក្រសួងមហាផ្ទៃកម្ពុជា ជាមួយស្ថាប័នរបស់សិង្ហបុរី។

ជាមូយគ្នានេះ លោកក៏បានឯកភាពចំពោះការលើកឡើងរបស់ សម្ដេច ស ខេង អំពីការកើនឡើងនូវការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ដែលនេះ ក៏ជាកិច្ចការងារមួយដែលសមស្របក្នុងការបង្កើតឱ្យមានក្របខណ្ឌនៃឯកសារសហប្រតិបត្តិការ ដើម្បីថែរក្សាការពារនូវសន្ដិសុខ និងការពារដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងសងខាង។

បន្ថែមពីនេះ លោកក៏បានឯកភាព ដូចអ្វីដែល សម្ដេច បានលើកឡើងគឺរួបរួមគ្នា ក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានជជែកពិភាក្សា និងផ្លាស់ប្ដូរយោបល់ទៅវិញទៅមកពាក់ព័ន្ធទៅនឹងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ទាំងបទល្មើសប្រពៃណី និងបទល្មើសមិនប្រពៃណី និងការខិតខំស្វែងរកនូវឱកាសក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការនេះ ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌតំបន់ តាមរយៈអាស៊ានណាប៉ូ (ASEANAPOL) និងក្របខណ្ឌអន្ដរជាតិតាមរយៈ អ៊ីនធឺបូ (INTERPOL) ផងដែរ សំដៅទប់ស្កាត់នូវបទល្មើសធំៗមួយចំនួន ជាពិសេស គឺបញ្ហាគ្រឿងញៀន អំពើជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម៕