ភ្នំពេញ៖ ៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាការបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី ក្រោមអធិបតីភាពលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្ដរក្រសួង។
ក្នុងកិច្ចប្រជុំនេះ លោក ឡាំ ជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់គណៈកម្មាធិការអន្ដរក្រសួង ដែលសម្រេចបាននាពេលកន្លងមក និងបានរម្លឹកដោយសង្ខេបជូនអង្គប្រជុំអំពីវឌ្ឍភាពការងារថ្មីរបស់គណៈកម្មការអន្ដរក្រសួងដែលសម្រេចបានជាច្រើនក្នុងការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេ និងព្រែកនេះផងដែរ។
លោកបន្តថា ផ្អែកតាមសំណើរបស់ក្រសួងមហាផ្ទៃ, រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មការអន្ដរក្រសួង ជួបប្រជុំជាមួយភាគីវៀតណាម ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី និងបញ្ហាប្រឈមមួយចំនួនទៀតរវាង កម្ពុជា-វៀតណាម នៅពេលវេលាសមស្របណាមួយផងដែរ។
ទន្ទឹមគ្នានេះ លោក សួស ប្រាថ្នា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ទទួលបន្ទុកជាប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល រាជធានី ខណ្ឌ និងខេត្ត បានធ្វើការគូសបញ្ជាក់ជូនអង្គប្រជុំអំពីស្មារតី នៃកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនរវាងកម្ពុជា-វៀតណាម ដែលប្រព្រឹត្តឡើងនាពេលកន្លងទៅនេះ ហើយភាគីទាំងពីរបានឯកភាពគ្នាដើម្បីជំរុញឱ្យក្រុមការងារថ្នាក់ជាតិនៃប្រទេសទាំងពីរជួបពិភាក្សាគ្នា ដើម្បីចាត់វិធានការទប់ស្កាត់កុំឱ្យមានការបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី បន្ថែមទៀត ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ។
ក្នុងឱកាសនោះដែរ តំណាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន តំណាងក្រសួងសាធារណៈការនិងដឹកជញ្ជូន និងតំណាងក្រសួងធនធានទឹកនិងឧត្តុនិយម បានធ្វើបទបង្ហាញបច្ចេកទេសអំពីមូលហេតុដែលនាំឱ្យមានការបាក់ច្រាំងទន្លេ និងព្រែក និងបញ្ជាក់អំពីទិន្នន័យច្រាំងទន្លេ និងព្រែកដែលបានបាក់ចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់ពេលបច្ចុប្បន្ន៕