ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចាត់ទុកស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ លើទឹកដីកម្ពុជាមានអត្ថន័យច្រើនអនេក ព្រោះ បាន បណ្តុះស្មារតីកូនខ្មែរឲ្យស្រឡាញ់កីឡាកាន់តែខ្លាំងថែមទៀតស្របតាមគោលការណ៍ «មនុស្សម្នាក់លេងកីឡាមួយមុខយ៉ាងតិច»។
លោកបន្តថា មួយវិញទៀត បានបណ្តុះមោទកភាពជាតិដល់ខ្មែរគ្រប់រូបតាមរយៈការគាំទ្រនិងការសាទរយ៉ាងគគ្រឹកគគ្រេងដល់អត្តពលិកជាតិដោយអារម្មណ៍ក្តុកក្តួលរហូតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទោះជាពួកគេបានទទួលជោគជ័យឬបរាជ័យក្តីពីព្រោះពួកគេបានខិតខំដើម្បីមុខមាត់ប្រទេសជាតិ។
លោកបញ្ជាក់ទៀតថាដោយឡែក មហាទស្សនីយភាពពេលបើកស៊ីហ្គេមដែលធ្វើឲ្យអ្នកទស្សនាព្រឺសម្បុរគ្រប់គ្នាគឺជាការដាស់ស្មារតីខ្មែរឲ្យឃើញពីអច្ឆរិយភាពក្នុងអតីតកាលដើម្បីកសាងភាពរុងរឿងមួយសម្រាប់បច្ចុប្បន្នកាលនិងអនាគតក្រោមម្លប់សុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។
លោកបញ្ជាក់ទៀតថា ក្រៅពីនេះ គឺជាការលើកស្ទួយកិត្យានុភាពជាតិខ្មែរនៅលើឆាកអន្តរជាតិដោយធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនិងលាន់មាត់គ្រប់គ្នាថា «Amazing Cambodia» ស្របតាមអត្ថន័យ ព្រះរាជាណាចក្រអច្ឆរិយៈ ( Kingdom of Wonder)។ នេះជារូបភាពថ្មីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
លោកបន្តថា ជាមួយគ្នានេះ ក៏បាន បង្ហាញពីភាពខ្លាំងដ៏គួរឲ្យស្ញប់ស្ញែងរបស់ខ្មែរតាមរយៈការដណ្តើមបានមេដាយយ៉ាង ច្រើនសន្ធឹកសន្ធាប់របស់អត្តពលិកខ្មែរ នាំមុខគេពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើក ដំបូងបន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ស្របតាមស្មារតី«ខ្មែរអាចធ្វើបាន»។ និង បង្ហាញពីភាពថ្លៃថ្នូរនិងឯកភាពជាតិខ្មែរគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមលើកស្ទួយមុខមាត់ប្រទេសជាតិតាមរយៈការបង្ហាញស្នាមញញឹម រីករាយ រាក់ទាក់ និងស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវបរទេសទោះបីឈ្នះឬចាញ់ ស្រប តាមការចង់បានរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលក្នុងអត្ថន័យ”កីឡារស់ក្នុងសន្តិភាព, សន្តិភាពដើម្បីទាំងអស់គ្នា, ទាំងអស់គ្នាដើម្បីសន្តិភាព”។
លោក សូមឲ្យស្មារតីនេះស្ថិតនៅជាអមតៈជាមួយខ្មែរ ៕