ភ្នំពេញ៖ ក្រសួងអប់រំបានចេញសេចក្តីថ្លែងការណ៍ប្រកាសពីការចង់ឃើញវត្តមានលោក សៅ សុខា បន្តដឹកនាំសហព័ន្ធកីឡាបាត់ទាត់កម្ពុជាបន្តទៀត បន្ទាប់ពីលោកប្រកាសថាលោកនឹងចុះចេញពីកៅអីប្រធានសហព័ទ្ធកីឡាបាល់ទាត់ បើក្រុមជម្រើសជាតិអាយុក្រោម២២ (U22) របស់កម្ពុជា មិនអាចឆ្លងវគ្គចែកពូលក្នុងការប្រគួតព្រឹត្តិការណ៍ស៊ីហ្គេមទេនោះ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី៣ ឧសភានេះ ក្រសួងបានលើកសរសើរចំពោះការដឹកនាំរបស់លោក សៅ សុខា ក្នុងការគ្រប់គ្រងសហព័ន្ធកីឡាបាល់ទាត់កន្លងមក។ ក្នុងនោះការគ្រប់គ្រងរបស់លោករយៈពេលជាង១០ឆ្នាំកន្លងមក បានធ្វើឱ្យកីឡាបាល់ទាត់កម្ពុជា មានការរីកចម្រើនទាំងបរិមាណ និងគុណភាព ជាអាទិ៍សមត្ថភាពកីឡាករ គ្រូបង្វឹក មន្ត្រី អាជ្ញាកណ្តាល និងក្លិបបាល់ទាត់អាជីពនានា មានសមត្ថភាព និងមានលទ្ធភាពចូលរួមការប្រកួតប្រជែងជាលក្ខណៈតំបន់ និងអន្តរជាតិ។
ក្រសួង បានបញ្ជាក់ថា ជាពិសេសនៅក្នុងការប្រកួតនាពេលកន្លងមក ការខិតខំប្រកួត និងបច្ចេកទេសលេងបាល់របស់កីឡាករបាល់ទាត់កម្ពុជា បានទាក់ទាញទស្សនិកជន ឱ្យចូលរួមទស្សនាផ្ទាល់ និងទស្សនាតាមអនឡាញ ភ្លូកទឹកភ្លូកដី និងជឿជាក់ថា បាល់ទាត់កម្ពុជានឹងឈានទៅប្រកួតប្រជែង នៅកម្រិតតំបន់បាន។
លោក សៅ សុខា តាមរយៈបណ្តាញសង្គមផ្លវការរបស់លោក បានប្រកាសថា «បើការប្រកួតក្នុងគ្រុប ចែកពូលវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុក្រោម២២ ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម»។
ក្រសួង បានបន្ថែមថា ក្នុងស្មារតីកសាង និងប្រមូលនូវធនធានកីឡាករបាល់ទាត់ លោក សៅ សុខា បានរៀបចំឱ្យមាននូវទីលានបាល់ទាត់ នៅតាមសាលាតម្រង់ទិសទាំង ២៥ រាជធានីខេត្ត និងរៀបចំកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ នៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យ ដែលកត្តាទាំងនេះ បានធ្វើឱ្យសិស្សានុសិស្ស និងយុវជនជាច្រើន ចូលរួមហ្វឹកហាត់ និងលេងកីឡាបាល់ទាត់។
ម្យ៉ាងវិញទៀតក្រោមការដឹកនាំរបស់លោក ការលេងកីឡាបាល់ទាត់ មានសកម្មភាព យ៉ាងផុលផុសក្នុងស្រទាប់យុវវ័យ នៅគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការគូសបញ្ជាក់របស់ក្រសួង៕