ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅយប់ថ្ងៃទី៣ ឧសភានេះ បានផ្ញើសារសុំការយោគយល់ និងស្នើសុំឱ្យឈប់រិះគន់លើបណ្តាញទំនាកទំនងសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងការចែកសំបុត្រចូលទស្សនាបាល់ទាត់ ខណៈដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងធ្វើការរិះគន់យ៉ាងចាស់ដៃករណីការចាត់ចែងនៃការចែកសំបុត្រចូលទស្សនាព្រឹត្តិការណ៍បាល់ទាត់នេះថាមិនត្រូវបានដោះស្រាយឱ្យមានរបៀបរៀបរយត្រឹមត្រូវ ។ សម្តេចចាត់ទុកការរិះគន់នេះ គឺជារឿងអយុត្តិធម៌សម្រាប់គណៈកម្មការរៀបចំដែលខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះ។
ក្នុងសារសម្លេងប្រមាណ០៨នាទី សម្តេចបានធ្វើការពន្យល់យ៉ាងក្បោះក្បាយពាក់ព័ន្ធនឹងករណីខាងលើនេះ។ សម្រាប់សម្តេចនាយករដ្ឋមន្រ្តី យើងត្រូវទទួលស្គាល់ពីសមត្ថភាពនៃការផ្ទុកមនុស្សចូលទស្សនាបាល់ទាត់ដែលមិនអាចគ្រប់គ្រង់បាន។ ជាក់ស្តែងសម្រាប់ពហុកីឡាដ្ឋានអូឡាំពិចអាចផ្ទុកអ្នកចូលទស្សនាបានត្រឹមតែ៣ទៅ៤ម៉ឺននាក់ ខណៈដែលអ្នកចង់ចូលទស្សនាពី៣០ម៉ឺនទៅ៥០ម៉ឺននាក់។ ដោយឡែកកីឡាដ្ឋានជាតិមរតកតេជោអាចផ្ទុកមនុស្សបានត្រឹមតែ៦ម៉ឺនទៅ៧ម៉ឺននាក់ ប៉ុន្តែមានអ្នកចង់ចូលទស្សនាជាងកន្លះលាននាក់។
ត្រង់ចំណុចនេះ សម្តេច បានគូសបញ្ជាក់ថា «សុំការអព្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិជាទីស្រលាញ់ព្រោះបញ្ហានេះ វាជាកត្តាសត្យានុម័តដែលយើងមិនអាចដោះស្រាយបាន។ ដោយសារតែស្តាតយើងស្តាតចាស់អាចទទួលបានត្រឹម៣,៤ម៉ឺននាក់ក្នុងពេលដែលមនុស្សដែលចង់ចូលមើល៣០ម៉ឺននាក់ទៅ៥០ម៉ឺននាក់ឯណោះ។ ស្តាតថ្មីដែលនឹងត្រូវធ្វើពិធីបើកនិងពិធីបិទដាក់ត្រឹមចំណុះ៦ម៉ឺនទៅ៧ម៉ឺននាក់ក៏ប៉ុន្តែមនុស្សមើលគឺឈានទៅដល់កម្រិតអ្នកដែលចង់ចូលកន្លៈលាននាក់»។
សម្តេចបានលើកឡើងថា សម្រាប់អ្នកដែលបានសំបុត្រចូលទស្សនាពិតជាមានការសប្បាយរីករាយ ដោយឡែកអ្នកដែលមិនបានសំបុត្រចូលទស្សនាពិតជាមិនមានភាពសប្បាយ ហើយនាំគ្នាធ្វើការរិះគន់លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៅលើគណៈកម្មការរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ។ ត្រង់ចំណុចនេះ សម្តេចបានគូសបញ្ជាក់ថា វាគ្មានជម្រើសអ្វីថ្មីនោះទេដោយសារតែទីធ្លានៃការរៀបចំគឺមានតែទំហំប៉ុនហ្នឹង ដោយកន្លែងតូចតែមានមនុស្សចង់មើលច្រើន ដូច្នេះហើយគឺមិនអាចបំពេញចិត្តមនុស្សបានគ្រប់គ្នានោះទេ។
ជាដំណោះស្រាយចំពោះបញ្ហាខាងលើនេះ សម្តេចថារដ្ឋបាលរាជធានីខេត្តបានរៀបចំបញ្ចាំងស្លាយដើម្បីបម្រើឱ្យអ្នកទស្សនារាប់ម៉ឺននាក់នៅទូទាំងប្រទេសដោយមិនត្រឹមតែធ្វើនៅតាមខេត្តនោះទេ គឺបានរៀបចំនៅតាមស្រុក ឃុំ ភូមិ និងទីអារាមនានាដែលប្រជាជនសប្បាយរីករាយ។
«ខ្ញុំព្រះករុណា ខ្ញុំសុំចិត្តបងប្អូនយោគយល់ចំពោះការលំបាកមួយនេះ ដែលរាជរដ្ឋាភិបាលគ្មានលទ្ធផលដោះស្រាយនោះទេ។ អ្នកដែលទទួលបានគឺសប្បាយចិត្ត អ្នកដែលមិនបានទទួលមិនសប្បាយចិត្តហើយរឿងនេះវាមិនបានកើតតែនៅក្នុងប្រទេសកម្ពុជានោះទេ វាកើតស្ទើរតែគ្រប់ប្រទេស»។ នេះគឺជាការលើកឡើងរបស់សម្តេច។
សម្តេច បន្តថា ប្រទេសគេ គេលក់សំបុត្រអ្នកខ្លះទិញបានគេសប្បាយចិត្ត។ អ្នកខ្លះមិនអាចទិញសំបុត្រមិនសប្បាយចិត្តចំណែកនៅកម្ពុជាមិនមានលក់សំបុត្រទៅទៀតគឺអ្នកចង់ចូលរួមកាន់តែច្រើន។ ប៉ុន្តែកម្ពុជាមិនមានលទ្ធភាពបន្ថែមចំនួនឱ្យលើសពីចំណុះដែលត្រូវបានកំណត់ជាស្តង់ដារសម្រាប់ការចូលរួមដើម្បីបញ្ជៀសនូវហានិភ័យគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ៕