ទីស្ដីការក្រសួង៖ ក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) លើកយកលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបន្ថែម ផ្នែកបច្ចេកទេសលើគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត មកធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យពិភាក្សា ដោយធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពី លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា និងផ្តល់យោបល់ដល់ក្រុមការងារ បច្ចេកទេសរបស់ក្រុមហ៊ុនសំណង់សៀងហៃ ក៏ដូចជាដើម្បីប្រមូលធាតុចូល មតិយោបល់ល្អៗបន្ថែមទៀតពីក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការសិក្សាផ្នែកបច្ចេកទេស នៃគម្រោងនេះមានលក្ខណៈកាន់តែល្អប្រសើរ បន្ថែមទៅលើការសិក្សាដែលធ្លាប់បានធ្វើកន្លងមក។
បើយោងតាមលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបន្ថែមរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ ៣៣,៤៦ គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចាប់ពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ។ ផ្លូវនេះនឹងត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួនបី ដោយ ឆ្លងកាត់កោះចំនួនពីរគឺកោះដាច់ និងកោះតាង៕