ព្រះសីហនុ៖ ខេត្តព្រះសីហនុ ត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ៣ប្រភេទ ទី១.កីឡាទូកក្តោង ទី២.កីឡាម៉ូតូទឹក និងទី៣.កីឡាបាល់ទះលើឆ្នេរខ្សាច់ ដែលរៀបំប្រកួតនៅនៅលើផ្ទៃសមុទ្រឆ្នេរសុខា ជាប់ទីលានតេជោ (ពយតាមូង) និងនៅពយជំទាវម៉ៅសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME)ខណៈកីឡាទូកក្តោងចាប់ផ្តើមនៅថ្ងៃនេះ ។
ក្នុងកិច្ចប្រជុំនៅថ្ងៃទី ១ ខែមេសា លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុថ្លែងថា កម្មវិធីប្រកួតកីឡា៣ ប្រភេទមានដូចជា កីឡាទូកក្តោងរៀបចំនៅឆ្នេរសុខាយើងបានរៀបចំរួចរាល់ ១០០ភាគរយ ដែលត្រូវចាប់ផ្តើមធ្វើការប្រកួតនៅថ្ងៃទី២ ខែឧសភា វេលាម៉ោង ១០ព្រឹក និងបញ្ចប់ការប្រកួតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
លោកស្រីបន្តថា ចំពោះកីឡាម៉ូតូទឹកយើងមិនទាន់រៀបចំដោយសារនៅពេលដែលបញ្ចប់ការប្រណាំងទូកក្តោង យើងយកទីតាំងនេះ រៀបចំធ្វើការប្រណាំងកីឡាម៉ូតូទឹកបន្ត។ ដោយឡែកចំពោះការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់រៀបចំនៅពយជំទាវម៉ៅ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់។
លោកស្រីបន្ថែមថា ការប្រកួតកីឡាទាំងបីប្រភេទ ក៏មានយុវជនស្ម័គ្រចិត្តរបស់ ស.ស.យ.ក ចំនួន ១១៧នាក់ ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស នៃគណៈកម្មការប្រកួតកីឡាស៊ីហ្គេម ក្នុងការជួយសម្របសម្រួល បដិសណ្ឋាកិច្ច ការរៀបចំសណ្តាប់ធ្នាប់ ពិធីការ សម្រាប់ក្រុមកីឡានិមួយ ដើម្បីឱ្យការប្រកួត និងការស្នាក់នៅរបស់ប្រតិភូកាន់តែមានភាពងាយស្រួល។
ជាមួយគ្នានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសប្រកួតកីឡាស៊ីហ្គេម ត្រូវបណ្តុះបណ្តាលដល់ LO (យុវជនស្ម័គ្រចិត្ត) ពីរបៀបរបប នៃការសម្របសម្រួលដល់ក្រុមប្រតិភូកីឡាដែលមកចូលរួមប្រកួតស៊ីហ្គេមលើកទី៣២ នៅខេត្តព្រះសីហនុស៊ីហ្គេម។
លោកបន្ថែមថា រាជរដ្ឋាភិបាលបានធានាការស្នាក់នៅ និងផ្តល់អាហារជូនប្រតិភូកីឡានៃបណ្តាប្រទេសដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុរបស់យើង ដូច្នេះគ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវមានការទទួលខុសត្រូវដោះស្រាយបញ្ហាប្រឈមនានានៅតាមគោលដៅរបស់ខ្លួនឱ្យបានល្អ។
លោកបញ្ជាក់បន្ថែមថា ទន្ទឹមនោះរដ្ឋបាលខេត្ត បានធ្វើការផ្សព្វផ្សាយជូនដល់សាធារណជន ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិបានទស្សនាដោយសេរី ប្រកបដោយសេចក្តីសប្បាយរីករាយនាពេលខាងមុខ។ ទន្ទឹមនោះរដ្ឋបាលខេត្តក៏បានរៀបចំផ្ទាំងស្លាយ និងផ្ទាំង LCD សម្រាប់ធ្វើការផ្សព្វផ្សាយបន្តផ្ទាល់ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាសប្បាយរីករាយគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅខេត្តព្រះសីហនុ មាន ៣ប្រភេទកីឡា៖ ទូកក្តោងចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ខែឧសភា វេលាម៉ោង១០ និង ៣០នាទីព្រឹក និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ កីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣ និង កីឡាម៉ូតូទឹក ចាប់ផ្តើមប្រកួតថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕