ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្ដីបន្ដោសអគ្គនាយកទូរស្សន៍ជាតិកម្ពុជា ក្រោយយកថវិការដ្ឋ ទៅផ្សាយពាណិជ្ជកម្ម ដោយមិនផ្សាយព្រឹត្តិការណ៍បាល់ទាត់កាលយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ គណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣សម្ដេច ហ៊ុន សែន បានបន្តអំពាវនាវដល់ស្ថានីយទូរទស្សន៍នានា រួមគ្នាផ្សព្វផ្សាយឲ្យផុលផុស នូវព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមព្រោះ នាពេលនេះ ធ្វើឲ្យកម្ពុជារីកមុខរីកមាត់ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេម។
សម្ដេច គូសបញ្ជាក់ថា «នាពេលនេះ ធ្វើឲ្យកម្ពុជា រីកមុខ រីកមាត់ ហេតុអីបានសំងំ នៅព្រឹកមិញ ខ្ញុំបានថាឲ្យម្ដងហើយ នៅកំពង់សោម ហើយខ្ញុំ និយាយទៀត ព្រោះដោយសារអី ដោយសារមានរដ្ឋលេខាធិការក្រសួងព័ត៌មាន មួយចេញមកការពារថា រឿងហ្នឹងរបស់រឿងកម្មសុខ ដល់ពេល ថោង ខុន បញ្ជាក់មកអត់មានរឿងកម្មសុខទេ។ រឿងខ្លួនឯងផ្សាយ ឬមិនផ្សាយ។ មានរដ្ឋលេខាធិការមួយចេញមក ខ្ញុំមិនព្រម ខ្ញុំថា លោកឯងនិយាយរបៀបនេះ រុញឲ្យ ថោង ខុន បកស្រាយ រួចហើយ ខ្ញុំវ៉ៃទៅអគ្គនាយ (ទទក) លោកឯងបានជំនួយពីពាណិជ្ជកម្ម ថ្ងៃក្រោយ ខ្ញុំនឹងទារ លុយទាំងអស់ ។ លោកឯងផ្សាយពាណិជ្ជកម្ម លោកឯងយកលុយរដ្ឋទៅផ្សាយ រួចហើយផ្សាយពាណិជ្ជកម្ម បានលុយចែកគ្នាចាយ»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា រដ្ឋលេខាធិការក្រសួងព័ត៌មានម្នាក់ ចង់ដាក់កំហុសទៅលើកម្មសុខ។ សម្ដេច ថា កាលណា សម្ដេច ដាក់ការស្រាវជ្រាវហើយ ការស្រាវជ្រាវនោះ ត្រូវរកប្រភពដើមឲ្យច្បាស់លាស់ សម្ដេច មិនអាចយកការស្មានៗ ឡើយ ព្រោះនេះ ចរិករបស់សម្ដេច។
សូមរំលឹកថា ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានដកតំណែង អគ្គនាយកនិង អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា ទាំងអស់ បើមិនផ្សាយកីឡាបាល់ទាត់គ្រប់គូទាំងអស់ មិនមែនផ្សាយសំដៅតែលើគូអន្តរជាតិជាមួយកម្ពុជាដែលជាម្ចាស់ផ្ទះនោះទេ៕