គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យមនុស្ស០១នាក់ស្លាប់ នៅស្រុកស្វាយលើ

សៀមរាប ៖អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៨ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឲ្យមនុស្ស ០១នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ លើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតនៅក្នុងភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។

មន្រ្តីនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក Nissan Bigthumb ពណ៌បៃតង ពាក់ស្លាកលេខ សៀមរាប 3A-3217 សេរីឆ្នាំ២០០៣ បើកបរក្នុងទិសដៅពីលិចទៅកើត (អ្នកបើកបររត់គេចខ្លួន) លុះដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Honda Dream សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1O-5991 បើកបរដោយឈ្មោះ សាំង គិមសៀក ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស និងឈ្មោះ រិទ្ធ ដារ៉ូ (ស្លាប់) ភេទប្រុស អាយុ ១១ឆ្នាំ មុខរបរសិស្ស អ្នកទាំងពីររស់នៅភូមិរំដួលវាសនា សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបរក្នុងទិសដៅពីត្បូងទៅជើង ។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង ប្រមូលវត្ថុតាង និងធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្ត បើកបរដោយខ្វះការប្រុងប្រយ័ត្ន ចំណែកវត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ រងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕