ក្រុមហ៊ុនផលិតគ្រឿងបង្គុំរថយន្តរបស់កូរ៉េបង្ហាញពីបំណងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍

ភ្នំពេញ៖ ក្រុមហ៊ុនរោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា YURA Harness(Cambodia) Co,Ltd របស់ប្រទេសកូរ៉េ បង្ហាញពីបំណងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍ ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដោយប្រើប្រាស់ធនធាននិស្សិតកម្ពុជា ដែលត្រូវបានចាត់ថ្នាក់ជាធនធានមានសក្តានុពល ។

ក្រុមហ៊ុនបានបង្ហាញពីបំណងខាងលើនេះ ធ្វើឡើង ក្នុងជំនួប រវាង លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Ohm Dae Yoel ជាអគ្គនាយក ក្រុមហ៊ុន និងសហការី ដើមម្បីសម្ដែងការគួរសម និងពិភាក្សាការងារ ទាក់ទង នឹង ឱកាសវិនិយោគក្នុងវិស័យឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្ត និងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍនៅកម្ពុជានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៣ ។

លោក Ohm Dae Yoel ថ្លែងថា ដោយមើលឃើញពីស្ថានភាពអំណោយផលសក្តានុពលសេដ្ឋកិច្ច ធនធាន និងទឹកចិត្តការងាររបស់ប្រជាជនកម្ពុជា ក្រុមហ៊ុន របស់លោកបានសម្រេចចិត្តបង្កើតរោងចក្រផលិតគ្រឿងបង្គុំផ្នែកខ្សែអគ្គិសនីរថយន្តនៅកម្ពុជា ដែលមានទីតាំងនៅភូមិទួលធ្នង់ សង្កាត់ រការធំ ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ ជាសាខារោងចក្រទីមួយនៅកម្ពុជា ក្នុងចំណោមរោងចក្រ ទាំង៧១ របស់ YURA Group ជុំវិញ ពិភពលោក ។ ក្នុងនោះ នៅតំបន់អាស៊ីអាគ្នេយ៍មានសាខាចំនួន១៤ រោងចក្រ ។ វៀតណាម មានចំនួន ១២ នៅឥណ្ឌូនេស៊ី ចំនួន ១ និង នៅកម្ពុជាចំនួន១ ជាលើក ដំបូង ។

លោកបន្តថា ដោយឡែកនៅចំពោះមុខនេះ ក្រុមហ៊ុនក៏មានតម្រូវការធនធានមនុស្សកម្ពុជាផ្នែកវិស្វកម្ម ដើម្បីបំពេញតម្រូវការក្នុងរោងចក្រ ដែលលោកអគ្គនាយកស្នើសុំអនុសាសន៍ណែនាំមួយចំនួនពីឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តីផងដែរ ។

ជាការឆ្លើយតប លោក ចម ប្រសិទ្ធ ស្នើឲ្យក្រុមហ៊ុនធ្វើបញ្ជីពីតម្រូវការជាក់ស្តែងនូវជំនាញវិស្វកម្ម និងបច្ចេកទេសអ្វីខ្លះ? ដើម្បី ក្រសួងសហការសម្របសម្រួលជូន ពីព្រោះ ក្រសួងមានអគ្គនាយក និងវិទ្យាស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសេនាធិការ ព្រមទាំងដៃគូសហការ តាមរយ:អនុស្សរណៈ យោគយល់គ្នាជាច្រើន ដែលយើងអាចស្វែងរកបាននូវធនធានមនុស្ស មកបម្រើការក្នុងក្រុមហ៊ុនតាមលក្ខណ:បានភ្លាមៗ ឬក៏យើងជ្រើសរើសធនធានមនុស្ស ដែលមានសក្តានុ ពលស្រាប់ រួចយកមកបណ្តុះបណ្តាលបន្ថែម រយ:ពេលខ្លី និងមធ្យម ទាំងក្នុង និងក្រៅប្រទេសដើម្បីឲ្យត្រូវមុខជំនាញរបស់ក្រុមហ៊ុនតែម្តង ដូចដែលក្រុមហ៊ុន អេឡិចត្រូនិក ជប៉ុន ធ្លាប់បានធ្វើជោគជ័យរួចមកហើយនៅកម្ពុជា ។

ទាក់ទងនឹង បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍ លោកទេសរដ្ឋមន្រ្តី បានគាំទ្រ និងលើកទឹកចិត្ត ពីព្រោះ ជាយន្តការសហការដ៏ល្អ ជាមួយរាជរដ្ឋាភិបាល ដែលកំពុងដំណើរការឆ្លងអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍ នេះ ។

លោក ស្នើឲ្យភាគីកូរ៉េ ដែលជាប្រទេសមានបទពិសោធន៍លើការងារនេះ ធ្វើការសហការជាមួយមន្ត្រីជំនាញរបស់ក្រសួងដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ដើម្បីជំរុញឲ្យយន្តការនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍទាំងវិស័យសាធារណៈ និងឯកជន មានដំណើរការទៅមុខជាមួយគ្នា ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយជុំរុញការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ននៅកម្ពុជា៕