យុវជនម្នាក់កែឆ្នៃគ្រាប់បែកដាក់ដប បណ្តាលឲ្យផ្ទុះ រងរបួស នៅស្រុកសំឡូត

បាត់ដំបង៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦:០០នាទី ត្រង់ចំណុចភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីយុវជនម្នាក់គ្រោះថ្នាក់ផ្ទុះគ្រាប់បែកឆ្នៃ ជនរងគ្រោះឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិកន្ទួត ឃុំសំឡូត ខេត្តបាត់ដំបង បណ្តាលអោយរបួសមធ្យមលើខ្លួនផ្នែកខាងមុខនិងលើចឹញ្ចើម។

តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានកែឆ្នៃគ្រាប់បែកដាក់ ដប M-150 ហើយបានយកទៅដុតបោកនៅចំណុចអូរកន្ទុយដីចំការពូប្រនភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ទើបបណ្តាលអោយរងរបួស។

បច្ចុប្បន្ន សមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យ និងចាត់បញ្ជូនជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពបឹងរុន ស្រុកសំឡូត៕