និស្សិតខ្មែរ៦នាក់ នៅស៊ូដង់ បានមកដល់កន្លែងសុវត្ថិភាព

ភ្នំពេញ ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានអះអាងថា និស្សិតខ្មែរចំនួន៦នាក់ក្នុងនោះស្រី២នាក់បានចេញទៅសិក្សា ក្នុងសាកលវិទ្យាល័យមួយនាទីក្រុងខាតូម ប្រទេសស៊ូដង់ កំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាពហើយ ដើម្បីរង់ចាំការជម្លៀសចេញពីសូដង់ទៅម៉ាឡេស៊ី ហើយនឹងវិលមកកម្ពុជាវិញ។

តាមរយៈតេឡេក្រាម នាថ្ងៃទី២៥ មេសា លោក អាន សុខខឿន បានឲ្យដឹងថា «មាននិស្សិតខ្មែរចំនួន ៦នាក់ ចេញទៅសិក្សា នៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងខាតូម ប្រទេសស៊ូដង់។ តាមការសម្របសម្រួលជាមួយស្ថានទូតម៉ាឡេស៊ី និងទំនាក់ទំនងជាប្រចាំរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប និស្សិតខ្មែរខាងលើបច្ចុប្បន្ននេះកំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាព និងស្នាក់នៅជាមួយនិស្សិតម៉ាឡេស៊ី ដើម្បីរង់ចាំការជម្លៀសទាំងអស់គ្នា ចេញពីប្រទេសសូដង់ ក្នុងពេលឆាប់ៗនេះ» ។

អ្នកនាំពាក្យបញ្ជាក់បន្ថែមថា គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ភាគីម៉ាឡេស៊ីបាននិងកំពុងសម្របសម្រួល ជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចលើមធ្យោបាយធ្វើដំណើរ ចាកចេញពីសូដង់ឲ្យបានឆាប់តាមតែអាចធ្វើបាន ។

បន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងទីក្រុងខាតូម កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ សាកលវិទ្យាល័យដែលមាននិស្សិតខ្មែររៀនសូត្រនោះ បានប្រមូលផ្តុំនិស្សិតទាំងអស់ (ចម្រុះជាតិសាសន៍) ឲ្យមកស្នាក់នៅក្នុងទីតាំងមួយ ក្នុងសាកលវិទ្យាល័យ៕