មិនទាន់ចប់ទេ! លោកស្រី ហ៊ុន ស៊ីណាត មិនទទួលយកការសុំទោស ម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ Rous Sarom ទេ

ភ្នំពេញ៖លោក ស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជាថ្មីម្តងទៀត លោក ស្រី បានដិសេធមិនទទួលយកការសុំទោស ម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ Rous Sarom ទេ ក្រោយពីម្ចាស់ផេកនេះ បាននិយាយ ការសុំទោសរបស់លោក កន្លងមក «យល់ដល់ព្រះឥន្ទ»។

លោក ស្រី ហ៊ុន ស៊ីណាត នៅថ្ងៃទី ២៦ ខែមេសាឱ្យដឹងថា ថ្ងៃនេះ លោកស្រីសូមផ្ដាំទៅម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ Rous Sarom ផងថាលោកស្រី មិនអាចទទួលយកការសូមទោសរបស់លោកបានដោយសារលោកបាននិយាយថាការសូមទោសនេះយល់ដល់ព្រះឥន្ទដូច្នេះយើងចាំជួបគ្នានៅតុលាការវិញបានល្អ។

លោកស្រីបន្តថា » ម្យ៉ាងលោកឯងប្រមាថសុទ្ធតែថាខ្ញុំកាងមនុស្សខូច ខ្ញុំសួរលោកឯងថាពលករទាំងអស់នេះសុទ្ធតែខូចឬ?លោកឯងមើលងាយពលករពេកហើយ »។

ករណីខាងលើនេះ ត្រូវបានលោក រស់ សារ៉ុម ប្រធានប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា បានសុំ ទោសលោកស្រី ហ៊ុន ស៊ីណាត ម្តងរួចហើយ ហើយលោកស្រី ហ៊ុន ស៊ីណាតតាមរយៈមេធាវី ក៏បានអភ័យទោសដែរ។

លោកស្រី ហ៊ុន ស៊ីណាត បានញ្ជាក់យ៉ាងដូច្នេះថា «ចាប់ពីម៉ោងនេះខ្លួនខ្ញុំបញ្ចប់រឿងការឲ្យអភ័យទៅដល់បុថុជ្ជនទាំងអស់ដែលតែងតែភ្លាំងភ្លាត់សាងកំហុសមកលើរូបយាយចាស់ខ្ញុំពីព្រោះវាជាការអត់ប្រយោជន៍។

លោកស្រីបន្តថា «សូមបងប្អូនកូនក្មួយគិតមើលថាពាក្យបុរាណតែងតែពោលថារនាបបាក់ត្រូវយករនាបជួសតែពាក្យសម្ដីបុថុជ្ជនជជ្រុលជជ្រួស បែរជាយកផ្លែឈើ និងម្រាមដៃដប់សែនជ័យបារមីសុំទោសទៅវិញវាអត់ប្រយោជន៍ទេ កុំអីប្រសើរជាងកែតម្រូវចរិតខ្លួនឯងទៅនេះអស់លោកប្រើសម្ដីមកលើខ្ញុំចុះបើអស់លោកប្រើទៅរាស្ត្រវិញគិតម៉េចទៅ? ?»

លោកស្រីបន្ថែមថា « ខ្ញុំអត់មានពេលវេលាបានទទួលសប្បុរសធម៌ដែលគេជួយដល់កុមារកំព្រាផងទៅយកពេលអត់ប្រយោជន៍ជាមួយអស់លោក។ម្យ៉ាងទៀតសូមផ្ដាំគ្រប់ច្រកទាំងអស់កុំយកខ្នងពលករធ្វើស្រែកបុណ្យល្គឹកណាយាយចាស់នេះនៅរស់ត្រូវតែតវ៉ាជានិច្ច» ៕