អបអរសាទរ! ប្រទះឃើញ​កូនផ្សោតទើបកើតថ្មី​មួយក្បាលទៀតមានអាយុប្រមាណ១សប្តាហ៍

ភ្នំពេញ:ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការWWFបានកត់ត្រាកូនផ្សោតថ្មីមួយ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៃអន្លង់កោះកូនសាត់ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងកាលពីម្សិលមិញថា តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១សប្តាហ៍កំពុងហែលជាមួយផ្សោតពេញវ័យ២ក្បាលទៀត។ ការកត់ត្រាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី០៣ហើយ កត់ត្រាចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣។

ក្រសួងបន្តថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល៕