អំពើហិង្សាទៀតហើយ ! មេបុស្តិ៍នគរបាលការពារព្រំដែនបឹងជ្រោង ប្រើអំពើហិង្សា និងអាវុធ AK ប៉ុនប៉ងសម្លាប់ប្រពន្ធខ្លួនឯង

ត្បូងឃ្មុំ៖  រឿងរ៉ាងអំពើហឹង្សាករណី លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោក ប្រើអំពើហឹង្សា លើភរិយាខ្លួន មិនទាន់ចប់ផង ក៏ស្រាប់តែលេចចេញរឿងថ្មីមួយទៀត ករណីមេបុស្តិ៍នគរបាលការពារព្រំដែនបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រើអំពើហិង្សា និងអាវុធ AK ចេតនាប៉ុនប៉ងសម្លាប់ប្រពន្ធខ្លួនឯង ស្ត្រីជាភរិយា អត់ទ្រាំពុំបានក៏ដាក់ពាក្យប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចស្វែងរកយុត្តិធម៌។

ករណីខាងលើនេះត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសបុកផ្សព្វផ្សាយនៅលើបណ្តាញសង្គមព្រោងព្រាតកាលពីម្សិលមិញនេះ ។ យោងតាមពាក្យបណ្តឹងដែលអង្គភាពសារព័ត៌មាន KHMER CM ទទួលលបានឱ្យដឹងថា អ្នកស្រី អ៊ុំ ឡានី អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរស្ត្រីមេផ្ទះ រស់នៅភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាក់ពាក្យប្តឹងស្វាមីរបស់ខ្លួន ឈ្មោះ ធាម ដែន ជានាយប៉ុស្ដិ៍នគរបាលការពារព្រំដែនបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពីបទ ប្រើអំពើហឹង្សាលើរាងកាយ និងប្រើអាវុធគម្រាមសម្លាប់មកលើអ្នកស្រី។

ក្នុងពាក្យបណ្តឹងរបស់ស្ត្រីជាភរិយាបានរៀបរាប់ឲ្យដឹងថា អ្នកស្រី និងស្វាមី ឈ្មោះ ធាម ដែន អាយុ៤២ឆ្នាំ បានរួមរស់ជាប្ដីប្រពន្ធជាមួយគ្នា អស់រយៈពេល១៥ឆ្នាំមកហើយ ដោយមានកូនក្នុងបន្ទុកចំនួន ៣នាក់។ ឈ្មោះ ធាម ដែន តែងតែផឹកស៊ី ហើយរករឿងជេរដៀល ប្រមាថលើលោកស្រី នៅចំពោះមុខកូនៗ កូនចៅក្នុងផ្ទះ និងមុខមិត្តភក្តិគាត់ជារឿយៗ ហើយថែមទាំងបានវាយធ្វើបាបលើរាងកាយ និងយកកាំភ្លើងមកគម្រាមបាញ់សម្លាប់លោកស្រីជាញឹកញ៉ាប់ផងដែរ។

ពាក្យបណ្តឹងដដែលនេះ រៀបរាប់ទៀតថា  ដោយទ្រាំមិនបាននឹងអំពើរបស់ស្វាមី អ្នកស្រី អ៊ុំ ឡានី ក៏បានសម្រេចចិត្តដាក់ពាក្យប្តឹងស្វែងរកយុត្តិធម៌ ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ៕