ភ្នំពេញ៖ កម្ពុជារៀបចំទិវាអូទីស្សឹមនិងដោនស៊ីនដ្រូមឆ្នាំ២០២៣ ដើម្បី ជំរុញការធ្វើបរិយាបន្នការងារសមស្របសម្រាប់មនុស្ស អូទីស្សឹម និងដោនស៊ីនដ្រូម និង ក្នុងគោលបំណងលើកទឹកចិត្តដល់ជនអូទីស្សឹម និងដោនស៊ីនដ្រូមទទួលបានសិទ្ធិពេញលេញ រួមទាំងសិទ្ធិក្នុងការប្រាស្រ័យទាក់ទង សិទ្ធិទទួលបានសេវាសារវ័ន្តនានា និងការលើកកម្ពស់ការចូលរួមស្មើភាពប្រកបដោយសេចក្តីថ្លៃថ្នូរ។
លោក ឯម ច័ន្ទមករារដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងក្នុងទិវាអូទីស្សឹមនិងដោនស៊ីនដ្រូមឆ្នាំ២០២៣ នាថ្ងៃទី ១៩ ខែមេសានេះ ឱ្យដឹងថាថា កន្លងទៅក្រុមប្រឹក្សាសកម្មភាពជនពិការ បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាដល់ជនអូទីស្សឹម និងដោនស៊ីនដ្រូមប្រកបដោយប្រសិទ្ធភាព និងបានបង្កឱកាសដល់ពួកគេបានចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច សិល្បៈ វប្បធម៌ នយោបាយ ប្រកបដោយសេចក្តីថ្លៃថ្នូរ ស្មើភាព និងគ្មានការរើសអើង ដូចប្រជាពលរដ្ឋទូទៅដែរ។
លោក ក៏បានលើកឡើង៣ចំនុចសម្រាប់ការយកចិត្តទុកដាក់ចំពោះជនមានអូទីស្សឹម ដោនស៊ីនដ្រូម និងជនខ្សោយសតិបញ្ញា ដែលមានបញ្ហាប្រឈមចម្បងៗរួមមាន ការទទួលបានយុត្តិធម៌ និងមរតក៌ដែលត្រូវទទួលក្រោយ ពីឪពុកម្តាយមរណះភាព និងការទទួលមើលថែបន្ត បន្ទាប់ពីក្រុមគ្រួសារ អាណាព្យាបាល ឪពុក-ម្តាយធ្វើមរណះភាព រួមទាំងការរៀបចំសាលារៀនដែលមានស្តង់ដារត្រឹមត្រូវ និងសម្ភារៈសម្រាប់សិស្សអូទីស្សឹម ដោនស៊ីនដ្រូម និងខ្សោយសតិបញ្ញានៅតាមរាជធានី-ខេត្ត។
លោកបានគូសបញ្ជាក់ថា កុមារមានអូទីស្សឹមគឺចាប់ពីកុមារមានអាយុ ៣ឆ្នាំ ដោយសារអន្តរកម្មនៃការបាត់បង់ទំនាក់ទំនង បាត់បង់ការចូលរួមសកម្មភាពការងារប្រចាំថ្ងៃ ពិបាកក្នុងការនិយាយ ចូលចិត្តនៅម្នាក់ឯង មានអារម្មណ៍អន្ទះសារ ពិបាកផ្លាស់ប្តូរទំលាប់ និងឆេវឆាវហួស។
ជាមួយគ្នានេះដែរ លោក ឯម ច័ន្ទមករា ក៏បានណែនាំដល់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំជនអូទីស្សឹមនិងដោនស៊ីនដ្រូមឱ្យ ប្រើប្រាស់ភាសាឬពាក្យសរសើរ ពាក្យវិជ្ជមានឱ្យបានច្រើន ដោយបន្តជំរុញលើកទឹកចិត្តនិងផ្តល់កាយវិការគាំទ្រគ្រប់សកម្មភាពដែលពួកគាត់បានធ្វើទោះសកម្មភាពខ្លះមិនបានល្អក្តី ហើយក្រុមគ្រួសារគួររៀបចំផែនការសកម្មភាពជាក់លាក់សម្រាប់ការងារប្រចាំថ្ងៃនិងរៀបចំផែនការអនាគតរបស់ពួកគេ។
លោក បន្ថែមថា ត្រូវបង្ហាត់បង្រៀនកម្មវិធីសិល្បៈ របាំ រួមទាំងការលំហែឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានខណៈនេះក៏ជាវិធីសាស្ត្រមួយនៃការជួយកាត់បន្ថយជំងឺស្ត្រេស និង បន្តជំរុញការកសាងធនធានមនុស្ស សាលារៀន សម្រាប់កុមារអូទីស្សឹម និងដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា តាំងពីថ្នាក់បឋមសិក្សា រហូតដល់ឧត្តមសិក្សា ក្នុងទិសដៅផ្តល់ឱកាសឱ្យទទួលបានកម្រិតវប្បធម៌ទូទៅ និងឈានទៅទទួលជំនាញពិតប្រកដប្រកបដោយគុណភាព។
ទន្ទឹមនោះដែរ ត្រូវបន្តជំរុញក្រសួងស្ថាប័ន ពាក់ព័ន្ធ និងផ្នែកឯកជនឱ្យទទួលជនអូទីស្សឹម និងដោនស៊ីនដ្រូមចូលបម្រើការងារតាមអត្រាកំណត់ដូចមានចែងក្នុងអនុក្រឹត្យ ស្តីពីការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ ដែលមានអត្រា ២% សម្រាប់ស្ថាប័នរដ្ឋ និងអត្រា ១% សម្រាប់វិស័យឯកជន៕