ក្រសួងសាធារណការចុះហត្ថលេខាសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ (Financial Advisory Service Agreement) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ក្នុងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville Logistics Complex)។

ពិធីចុះហត្ថលេខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Asad Yqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំកម្ពុជា ដោយក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញ និងក្រុមការងារសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិជាច្រើនរូបផងដែរ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះការចុះកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ (FASA) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នាឱកាសនេះ ដោយហេតុថាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការសម្រួលដល់ការដឹកជញ្ជូនទំនិញ និងសេវាកម្មពីអ្នកផលិតទៅអ្នកប្រើប្រាស់ ព្រមទាំងមានប្រសិទ្ធភាពអាចជួយកាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនលទ្ធភាពទទួលបានផលិតផល និងបង្កើនប្រសិទ្ធភាពសង្វាក់ផ្គត់ផ្គង់ទាំងមូលផងដែរ។
លោក បន្ថែមថា នេះជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មលើកទី២ ហើយ ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុវត្ត បន្ទាប់ពីគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ហើយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលនៅបាវិត និងប៉ោយប៉ែតផងដែរ។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា យើងគ្រោងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មមួយ ដែលអាចផ្តល់សេវាភ័ស្តុភារកម្មពីប្រទេសកម្ពុជា ទៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

មជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) គឺជាមជ្ឈមណ្ឌលភ័ស្តុភារអាទិភាពមួយក្នុងចំណោមមជ្ឈមណ្ឌលភ័ស្តុភារអាទិភាពចំនួនពីរដែលត្រូវអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ ចំពោះមជ្ឈមណ្ឌលនេះត្រូវបានកំណត់នៅក្នុងផែនការមេភ័ស្តុភារកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីតភ្ជាប់ទៅមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex) ដែលគម្រោងទាំងនេះនឹងជួយផ្លាស់ប្តូរមុខមាត់នៃប្រតិបត្តិការដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់បានកាន់តែប្រសើរ ព្រមទាំងអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកម្ពុជាបានកាន់តែច្រើន ដែលនេះនឹងបើកឱកាសដល់ការប្រកួតប្រជែង និងសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕