តុលាការចេញដីកាបង្គាប់ឲ្យដោះលែងលោក កែវ សុន វិញហើយ ក្រោយពីកូនស្នើសុំថ្នាក់ដឹកនាំឱ្យជួយរកយុត្តិធម៌

កំពង់ឆ្នាំ៖ លោក នូ ដារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ នេះ បានចេញដីកាបង្គាប់ឲ្យលោកប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំងដោះលែង លោក កែវ សុន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ ជាបន្ទាន់ ក្រោយកូនរបស់គាត់សរសេរនៅលើបណ្តាញសង្គម ស្នើសុំសម្តេច ហ៊ុន សែន និងសម្តេច ស ខេង ឱ្យជួយរកយុត្តិធម៌។

តាមរយៈបណ្តាញសង្គម ពលរដ្ឋម្នាក់ គឺ លោក សុភាព សែនដែលត្រូវជាកូនរបស់លោក លោក កែវ សុន បានសរសេរនៅលើបណ្តាញសង្គម ស្នើសុំ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យជួយរកយុត្តិធម៌ជូនឪពុកខ្លួនក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ។

លោក សុភាព សែន បានរៀបរាប់នៅក្នុងបណ្តាញសង្គមរបស់ខ្លួនកាលពីម្សិលមិញថា លោក មានរឿង១ចង់សួរទៅបងប្អូនក្នុងបណ្ដាញសង្គមហ្វេសបុកទាំងអស់ហើយសូមជួយផ្ដល់ជាមតិមកឱ្យលោកផងព្រោះលោក មិនចេះខាងច្បាប់ចរាចរណ៍។

លោកបន្តថា ឪពុករបស់លោក បានបើកបរបញ្ច្រាស់ទិសបម្រុងឆ្លងទៅទិញថ្នាំ តែដោយអច្ចេតនាបានជ្រុលទៅបុកភាគីម្ខាងទៀតដោយបង្កហេតុឲមានការកើតរបួសស្នាមបន្តិចបន្តួចហើយខាងឪពុកលោកបានទទួលខុសត្រូវលើជនរងគ្រោះទាំងអស់។

លោកបន្ថែមថា ជាមួយគ្នានេះ ខាងជនរងគ្រោះក៏បានទាប្រាក់ចនួន800000៛ដោយសុំបញ្ចប់រឿងទាំអស់ត្រឹមនិង ហើយពេលនោះពុករបស់លោក ក៏ព្រមបង់ប្រាក់តាមដែលជនរងគ្រោះស្នើសុំហើយក៏បានចុះកិច្ចសន្យា និងផ្ដិតមេដៃសុំបញ្ចប់រឿង តែលោកមិនយល់ត្រង់ថាបានបញ្ចប់រឿងអស់ហើយហេតុអីបានប៉ូលីសយកឪពុកទៅទៅដាក់គុកទៀត

លោកស្នើសុំថា «សូមបងប្អូនជួយរកយុតិធម៍ឲពុកខ្ញុំផង។ឃាត់ខ្លួនគាត់តាំងពីថ្ងៃទី 12/04/2023រហូតមកដល់ពេលនេះឪពុកខ្ញុំនៅជាប់គុកនៅឡើយ។សូមបងប្អូនជួយស៊ែរឲ(សម្ដេច ហ៊ុនសែន និងសម្ដេច សខេង)ឲជួយរកយុតិធម៍ឲឪពុកខ្ញុំផង»៕

សូមអានដីកាបង្គាប់ឲ្យដោះលែងនៅខាងក្រោម៖