ភ្នំពេញ៖ កម្ពុជាបានប្រមូលសំណាកកេសរកូលចំនួន ២១០ ប្រភេទ ដែលស្មើនឹងប្រមាណ ៥ ០០០សំណាក ហើយបានបញ្ជូនសំណាកចំនួន ២៣ប្រភេទទៅ សារៈមន្ទីរប្រវត្តិសាស្ត្រធម្មជាតិប៉ារីស ដើម្បីធ្វើការ កំណត់អត្តសញ្ញាណ និងចុះបញ្ជីប្រភេទកេសរកូល ជាលក្ខណៈអន្តរជាតិ។
បើតាមក្រសួងបរិស្ថាន បន្ថែមពីនេះ សំណាកកេសរកូលថ្មីប្រមាណ ៥០ទៀតត្រូវបានរៀបចំរួចរាល់។ មជ្ឈមណ្ឌល ស្រាវជ្រាវនិងអភិរក្សកេសរកូល សុខអានភ្នំគូលែន បានប៉ានស្មានថា កម្ពុជាអាចមាន រុក្ខជាតិកេសរកូល ចន្លោះពី ៥០០ ទៅ ១ ០០០ ប្រភេទឯណោះ។ ក្រសួងបរិស្ថាន ក៏ដូចជាអ្នកជំនាញ បាន និងកំពុងពង្រឹងការអភិរក្ស បន្ថែមទៀត។
ក្រសួងបរិស្ថាន បានរៀបចំវេទិកាកេសរកូលជាតិ ជាបន្តបន្ទាប់ ដោយលើកទី១ កាលពីឆ្នាំ២០២០ និងលើកទី២ នៅឆ្នាំ២០២២។ ជាថ្មីម្ដងទៀត វេទិកាជាតិកេសរកូល ជាតិលើកទី៣ នឹងប្រព្រឹត្តទៅនៅផ្សារទំនើបអ៊ីអន ម៉លភ្នំពេញ ចាប់ថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះដែរ៕