ឧត្តរមានជ័យ ៖ អនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជាពីសំណាក់លោកហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ លោក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានដឹកនាំកម្លាំងជំនាញ ចុះឃាត់ខ្លួនក្មេងទំនើងដែលបង្កភាពអាណាធិបតេយ្យឈ្លោះប្រកែក និងប្រើប្រាស់ហិង្សាវាយតប់គ្នា នៅចំណុចមាត់ស្រះមុខវត្តត្រពាំងប្រាសាទ ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ ចំនួន ០២ក្រុម ដែលមានគ្នា សរុបចំនួន ១២នាក់ និងដកហូតវត្ថុតាងសម្ភារៈមួយចំនួន រួមមាន៖ ម៉ូតូ ចំនួន ០៥គ្រឿង -កាំបិតតាំងតោ ០២ដើម និងខ្សែក្រវ៉ាត់ ០២ខ្សែ យកមកកាន់អធិការដ្ឋានស្រុកត្រពាំងប្រាសាទដើម្បីធ្វើការសួរនាំ ។
ជាមួយគ្នានោះដែរនៅរសៀលថ្ងៃដដែលលោក គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានអញ្ជើញទៅផ្ទាល់ដល់អធិការដ្ឋាន ដើម្បីជួបសំណេះសំណាលជាមួយអាណាព្យាបាល និងធ្វើការអប់រំ ណែនាំ ដល់ក្រុមក្មេងទំនើងទាំង ១២នាក់ និងបានហាមថ្ងៃក្រោយកុំឲ្យមានប្រព្រឹត្តសកម្មភាពទាំងនេះបន្តទៅទៀត ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ១២នាក់ខាងលើ រួមទាំងវត្ថុតាងដែលដកហូតបានមានម៉ូតូចំនួន ៥គ្រឿង ផងដែរនោះត្រូវបានកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ធ្វើកំណត់ហេតុធ្វើការអប់រំចុះកិច្ចសន្យាធានាពីអាណាព្យាបាលដើម្បីមកធានាយកទៅលំនៅដ្ឋានវិញផងដែរ ៕