ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អនុសាសន៍ និង ណែនាំមួយចំនួនដល់សមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព រួមគ្នាជួយដល់កិច្ចការសង្គម ធ្វើសកម្មភាពមនុស្សធម៌ និងចេះជួយដល់ការលំបាករបស់ ប្រជាពលរដ្ឋ។
ការណែនំារបស់សម្តេច ហ៊ុន សែន ខាងលើនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី៦ មេសា ២០២៣ក្នុងពេល អនុញ្ញាតឲ្យ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍ណែនាំការងារនូវការរួបរួមគ្នារបស់ឧកញ៉ាដើម្បីជួយដល់សង្គម និងការងារធ្វើសប្បុរសធម៌។
សម្តេច រំលឹកថា ការរស់នៅក្នុងសង្គមមួយបានគឺមិនអាចកាត់ផ្តាច់គ្នានោះឡើយ រវាងអ្នកមាននិងអ្នកខ្សត់ខ្សោយ គឺត្រូវចេះយកអាសាគ្នា ដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។ សម្តេច បានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគម តាមការគោរពអញ្ជើញរបស់ អ្នកឧកញ៉ា ប្រធានសមាគម និងទទួលស្គាល់ សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឲ្យអ្នកមានគោរមងារ ឧកញ៉ាទាំងអស់នៅកម្ពុជា។ ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលស្គាល់ សមាគមឧកញ៉ាកម្ពុជា ជាដៃគូររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បាន ជំរាបជូនសម្តេចតេជោ អំពីការបង្កើតឡើង នូវសមាគមឧកញ៉ាកម្ពុជា ព្រមទាំងទស្សនវិស័យ និងបេសកកម្មរបស់សមាគម និង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេច នាយករដ្ឋមន្ត្រី ដែលបានយល់ព្រមធ្វើជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា។
អ្នកឧកញ៉ា បានចាត់ទុកវត្តមានសម្តេចតេជោ ជាប្រធានកិត្តិយសរបស់សមាគម គឺជាការបង្ហាញនូវកាយវិការដ៏ថ្លៃថ្លារបស់សម្តេចតេជោ ក្នុងការយកចិត្តទុកដាក់ និងលើកស្ទួយដល់សមាគម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកសាងជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។
អ្នកឧកញ៉ា បានថ្លែងអំណរគុណសម្តេច ហ៊ុន សែន ដែលបានឆ្លៀតពីការងារដ៏មមាញឹកអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាល សមាជិក សមាជិកាសមាគមឧកញ៉ាកម្ពុជា បានជួបសម្តែងការគួរសម ជាពិសេសបានផ្តល់នូវអនុសាសន៍ល្អ ដើម្បីសមាគមធ្វើសកម្មភាពបានត្រឹមត្រូវ និងជាចំណែកជួយដល់សង្គមជាតិ ក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់សម្តេចតេជោ៕