ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាច្រើនលើក ច្រើនសារ កន្លងមក រួមទាំងការបោះឆ្នោតនាពេលខាងមុខ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ប្រកបដោយមោទកភាពជាតិ ដែលជាសខីភាពនៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តយ៉ាងរឹងមាំរបស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រួមទាំងបណ្ដាលគណបក្សនយោបាយ ក្នុងការចូលរួមពង្រឹងលទ្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរពសិទ្ធិមនុស្ស ការគោរពនីតិរដ្ឋ និងការវិវត្តន៍នៃប្រទេសជាតិ ដើម្បីភាពសុខសាន្ដ សំបូររុងរឿងប្រកបដោយសេចក្ដីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ ព្រមទាំងការលើកកម្ពស់ប្រទេសជាតិ លើឆាកអន្ដរជាតិផងដែរ។
ការលើកឡើងរបស់សម្តេច ស ខេង ខាងលើនេះ ធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ ។
សម្ដេច បន្ថែមថា ការទទួលបានជោគជ័យជាបន្ដបន្ទាប់ សម្រាប់ការរៀបចំព្រឹត្តិការណ៍នយោបាយ រួមទាំងភាពជោគជ័យ នៃការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលកន្លងមក គឺអាស្រ័យដោយក្រសួង-ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ បានរៀបចំផែនការសកម្មភាពយ៉ាងហ្មត់ចត់ សមស្របទៅនឹងស្ថានភាពជាក់ស្ដែង គួបផ្សំនឹងការចូលរួមយ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាផងដែរ។
នីតិរដ្ឋនៅកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហានេះ ដែរ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឱ្យដឹងថា ដើម្បីធានាឱ្យដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ និងដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសប្រកបដោយសន្តិសុខ សុវត្ថិភាព មានសណ្ដាប់ធ្នាប់ល្អ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សានោះ ឯកឧត្តម ប្រធាន គ.ជ.ប បានធ្វើការអំពានាវដល់គ្រប់គណបក្សនយោបាយទាំងអស់ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយឱ្យបានហ្មត់ចត់។
លោក បន្ដថា អាជ្ញាធរសាធារណៈទាំងអស់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងហាមយកសម្ភារ និងមធ្យោបាយដឹកជញ្ជូនដែលជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីបម្រើឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយឡើយ។ លើសពីនេះទៀត កងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ត្រូវប្រកាន់ជំហរអព្យាក្រឹត និងត្រូវ គោរពតាមក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ ដែលរៀបចំដោយ គ.ជ.ប។ ជាសេស ត្រូវទប់ស្កាត់ឱ្យបាននូវរាល់អំពើបំភិតបំភ័យ គំរាមកំហែងដល់បេក្ខជន សកម្មជន គណបក្សនយោបាយ និងអ្នកបោះឆ្នោតតាមគ្រប់រូបភាព។
លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសមាជិក គ.ស.អ បញ្ជាក់ថា គ.ស.អ មានតួនាទី និងភារកិច្ចតាមដាន ត្រួតពិនិត្យ រៀបចំ គ្រប់គ្រង និងប្រើប្រាស់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ តាមនីតិកាល និងអាណត្តិនីមួយៗ ប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការភ័យខ្លាច ការបំភិតបំភ័យ ការគម្រាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ។
លោក បន្ដថា គ.ស.អ ធ្វើការពិគ្រោះយោបល់ និងចាត់ចែងផ្តល់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមទាំងវិស័យការងារផ្សេងៗទៀត តាមសំណើរបស់ គ.ជ.ប ឬ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពិសេសច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ព្រមទាំងផែនការអន្តរស្ថាប័នរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប ក្រមសីលធម៌ និងសេចក្ដីណែនាំពាក់ព័ន្ធផ្សេងៗទៀត។
នាឱកាសនោះដែរ លោក ប៉ោ ភភ្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាសមាជិក គ.ស.អ ឱ្យដឹងថា ថា ដើម្បីចូលរួមការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានដំណើរការប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការបំភិតបំភ័យ ការគំរាមកំហែង និងអំពើហិង្សាផ្សេងៗ គ.ស.អ និងគ.ជ.ប បានណែនាំដល់យន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ក្រសួង/ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ព្រមទាំងភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ ឱ្យ យកចិត្តទុកដាក់សហការអនុវត្តតាមគោលការណ៍ណែនាំ ដូចជា ៖ កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត ត្រូវបានស្នើសុំ និងចាត់តាំងឱ្យបំពញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត ដើម្បីការពារការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមសំណូមពររបស់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់។
លោក បន្ដថា ជាទូទៅ កម្លាំងនគរបាលត្រូវបានប្រើប្រាស់ ដើម្បីការពារផ្ទាល់នៅតាមគោលដៅសំខាន់ៗជាអាទិភាព ក្នុងករណីមានការខ្វះកម្លាំងនគរបាល ចំនួនកម្លាំងដែលខ្វះនោះអាចត្រូវបានបំពេញ ដោយកម្លាំងប្រជាការពារ ឬកងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ។ ការផ្តល់សេវាសន្តិសុខ សុវត្ថិភាពដល់មុខសញ្ញា និងគោលដៅ ទាំងអស់តម្រូវឱ្យមានការរៀបចំការពារជារួម និងមានលក្ខណៈប្រយោល ឬមិនចំពោះ ពីព្រោះមិនមានលទ្ធភាពបើប្រាស់កម្លាំងការពារផ្ទាល់សម្រាប់មុខសញ្ញា និងគោលដៅនីមួយៗបានទាំងអស់ឡើយ៕