ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាស ផ្សព្វផ្សាយអំពី ការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។
ក្នុងប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ លោក ប្រាជ្ជ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា អំពីក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ដែលផ្តើមចេញពីមូលដ្ឋាននោះ គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែនការមេ ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
លោកបន្ថែមទៀតថា ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត គ.ជ.ប មានការងារជាច្រើនដែលត្រូវធ្វើជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយការងារទាំងនោះត្រូវអនុវត្តតាមដំណាក់កាល និងមានកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ច្បាស់ លាស់។
បើតាម លោក ប្រាជ្ញ ចន្ទ សម្រាប់ការបោះឆ្នោតខាងលើនេះ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សរុបមានចំនួន ៩.៧១០.៦៥៥នាក់ ស្មើនឹង ៨៩,២៨% នៃស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត ក្នុងនោះស្រ្តីមានចំនួន ៥.១៦១.៩០៩នាក់ និងមានការិយាល័យបោះឆ្នោត សរុបចំនួន ២៣.៧៨៩ការិយាល័យ។
ពាក់ព័ន្ធនឹងប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះដែរ លោក ប្រាជ្ជ ចន្ទ ក៏បានលើកអំពីបែបបទ កាលបរិច្ឆេទនៃការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកសារព័ត៌មានជាតិ អន្តរជាតិ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត និងការប្រកាសផ្សាយលទ្ធផលនៃការបោះឆ្នោត។
ចំពោះលទ្ធផលផ្លូវការនៃការបោះឆ្នោត ប្រធាន គ.ជ.បរូបនេះ បានបញ្ជាក់ជូនថា ក្រោយពីការដោះស្រាយពាក្យបណ្ដឹងតវ៉ាពាក់ព័ន្ធនឹងលទ្ធផលបណ្ដោះអាសន្ននៃការ បោះឆ្នោតចប់រួចរាល់ជាស្ថាពរ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត លទ្ធផល នៃការបែងចែកអាសនៈ និងប្រកាសផ្សាយបេក្ខជនជាប់ឆ្នោត ជូនសាធារណជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
លោក សង្ឃឹមជឿជាក់ប្រកបដោយ សុទិដ្ឋិនិយមថា ភាគីពាក់ព័ន្ធទាំងអស់នឹងពង្រឹងការចូលរួមសហការជាមួយ គ.ជ.ប ស្របតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងសេចក្ដីណែនាំផ្សេងៗ ដើម្បីធ្វើយ៉ាងណា ធានាឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ មួយវិញទៀត ក្នុង កាលៈទេសៈដែលជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ ឯកឧត្តម ក៏សូមអំពាវនាវយ៉ាងទទូចឱ្យភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាលតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ហើយត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញតាមការកំណត់ឱ្យបានគ្រប់ៗគ្នា៕