ជប៉ុនចាប់អារម្មណ៍លើការដាំដុះនៅកម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត Kunihiko HIRABAYASHI អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានចាប់អារម្មណ៍ចំពោះការដាំដុះនៅកម្ពុជា មានភាពសំបូរបែបប្រកបដោយសក្តានុពលខ្ពស់ និងធម្មជាតិ ដោយរក្សាទុករស់ជាតិដើម និងក្លិនពិសេស (ស្វាយ ស្វាយចន្ទី និងម្រេច) ជាដើម។

ការចាប់អារម្មណ៍របស់លោក លោកបណ្ឌិត Kunihiko HIRABAYASHI ធ្វើងឡើង នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នេះ ក្នុងសិក្ខាសាលា ស្តីពី “ផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន” ដែលរៀបចំឡើងដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូ។

លោកបណ្ឌិតបន្ថែមទៀតថា ប្រទេសកម្ពុជាមានការអភិវឌ្ឍខ្ពស់ ផ្តោតសំខាន់លើវិស័យវាយនភណ្ឌ សំណង់ និងទេសចរណ៍ ជាពិសេស វិស័យកសិកម្មមានការដាំដុះគិតគូដល់និរន្តរភាព វិបុលភាព និងសុខភាព ប្រកបដោយសុវត្ថិភាព និងគុណភាព។

លោកបណ្ឌិត ក៏បានបញ្ជាក់ទៀតថា មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែច្រើនឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងលើកកម្ពស់សន្តិភាពក្នុងតំបន់នៃសមាជិកអាស៊ានទាំង១០ និងប្រទេសជប៉ុនផងដែរ។


លោក កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ថ្លែងថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់ប្រមាណជាង 1,948លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជាបាននាំចេញទៅជប៉ុន មានទឹកប្រាក់ប្រមាណជាង 1,173លានដុល្លារអាមេរិក និងជប៉ុនបាននាំចូល មកកម្ពុជាមានទឹកប្រាក់ប្រមាណជាង 775លានដុល្លារអាមេរិក។

លោកបន្តថា គម្រោងវិនិយោគសំខាន់ៗរបស់ជប៉ុននៅកម្ពុជា រួមមានវិស័យបង្គុំរថយន្ដ និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មាននូវវត្តមាននៃធុរកិច្ចជប៉ុនតូចធំ ប្រមាណ ១,៧០០ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋានជាដើម៕