ភ្នំពេញ:មានទីតាំងនៅខាងជើងស្ពានហាលជាប់នឹងច្រាំងកសិន្ទុ បរិវេណមុខប្រាសាទអង្គរវត្ត ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ពន្ធផ្សេងៗដើម្បីត្រៀមបង្ហាញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីបេតិកភណ្ឌរូបី និងអរូបី ជាច្រើនទម្រង់ មានឈ្មោះថា ភូមិបេតិកភណ្ឌវប្បធម៌។
ភូមិបេតិកភណ្ឌវប្បធម៌ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត។ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងបានស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីបេតិកភណ្ឌរូបី ដូចជាបច្ចេកទេសរំលីងថ្ម ការរំកិលថ្ម ការងារជួសជុលថ្ម និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ។ រីឯបេតិកភណ្ឌអរូបី មានបង្ហាញអំពីរបៀបចារសាស្ត្រាស្លឹករឹត។
ក្រៅពីនោះក៏មានបង្ហាញសិល្បៈស្មូនភាជន៍ ការដាប់ស្បែក ការផ្តិតសិលាចារិក ឬប្រថាប់រូប ការប្រគំតន្ត្រីរបស់អ្នកភូមិត្បែង លេងល្បែងប្រជាប្រិយខ្មែរ រួមទាំងការតាំងបង្ហាញសមិទ្ធផលការងារ៣០ឆ្នាំរបស់អាជ្ញាធរជាតិអប្សរានៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួប១០ឆ្នាំ ក្រោមប្រធានបទ ក្ដីស្រមៃ និងសង្ឃឹម ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ សូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត និងស្វែងយល់ឱ្យបានច្រើនកុះករ៕