កម្ពុជា-ជប៉ុន ចុះ MOU លើគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ាដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា

ការចុះហត្ថលេខាខាងលើនេះ ធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង លោក KOICHI HAMANO ប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្មនៃប្រទេសជប៉ុន។

កិច្ចសហប្រតិបត្តិការនេះ ផ្ដោតទៅលើចំណុចសំខាន់ៗចំនួន៤ គឺ (១)ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសដល់ការស្រាវជ្រាវក្នុងវិស័យកម្មសិទ្ធិបញ្ញា (២) រៀបចំកម្មវិធីចែករំលែកចំណេះដឹង (៣)ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និង(៤) ផ្តល់នូវបដិសណ្ឋារកិច្ចដល់ការធ្វើទស្សនកិច្ចសិក្សា។លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមថា អនុស្សរណៈកិច្ចសហប្រតិបត្តិការត្រីភាគីនេះនឹងរួមចំណែកជួយពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងផ្នែកស្រាវជ្រាវពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងពង្រីកការយល់ដឹងរបស់វិស័យឯកជននៅប្រទេសកម្ពុជាអំពីកម្មសិទ្ធិបញ្ញាជាពិសេស វិធីសាស្ត្រកសាងកេរ្តិ៍ឈ្មោះម៉ាកឱ្យកាន់តែមានភាពល្បីល្បាញ បន្ថែមទៀត។

ជាការឆ្លើយតប លោក KOICHI HAMANO ប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុនវាយតម្លៃខ្ពស់ចំពោះទំនាក់ទនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ព្រមទាំង សម្តែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តការនាពេលកន្លងមក ជាពិសេសការឈានមកដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។

លោកបន្ត ថា ការកសាងម៉ាកផលិតផល និងគំនូរឧស្សហកម្ម មានសារៈសំខាន់ណាស់ក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម ហើយ មានបំណងចង់ឃើញផលិតខ្មែរជាច្រើនបន្ថែមទៀតនៅលើទីផ្សារ ហេតុនេះ តាមរយៈអង្គភាពប្រកាសនីយបត្រតក្កកម្ម ប្រទេសជប៉ុន នឹងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ដើម្បីជំរុញកេរ្តិ៍ឈ្មោះផលិតផលខ្មែរ ឱ្យកាន់តែមានភាពរីកចម្រើន និងល្បីល្បាញបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ ETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងចំពោះការវិវិឌ្ឍន៍នៃវិស័យឌីជីថល និងឥទ្ធិពលរបស់កម្មសិទ្ធិបញ្ញានៅក្នុងការគាំទ្រឱ្យមាននវានុវត្តភាព និងជំរុញធុរកិច្ចនៅប្រទេសកម្ពុជា។ ក្នុងន័យនេះ ក្នុងនាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា តាមរយៈអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក នឹងធ្វើការសិក្សាស្រាវជ្រាវលើការកងសាងម៉ាក ហើយលទ្ធផលនៃការសិក្សា នឹងត្រូវផ្សព្វផ្សាយទៅដល់វិស័យពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានការប្រើប្រាស់កម្មសិទ្ធិបញ្ញានៅក្នុងការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែច្រើនបន្ថែមទៀត៕