ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានសម្តែងការព្រួយបារម្ភចំពោះក្មេងៗក្នុងសម័យនេះដែលចេះប្រើប្រាស់ភាសាបរទេសមុន ភាសាខ្មែរដែលជាភាសាកំណើត ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៅថ្ងៃ៣០ មីនា សម្តេចថ្លែងថា ក្មេងៗ សូម្បីចៅតូចៗរបស់សម្ដេច ចេះប្រើប្រព័ន្ធអ៊ីធឺណិត ដោយរៀនភាសាបរទេស ចិន អង់គ្លេស តាមប្រព័ន្ធអនឡាញ ដោយចេះភាសាចិន និងអង់គ្លេសមុន ភាសាខ្មែរ ដែលករណីនេះនាំឲ្យមានការព្រួយបារម្ភផង។
សម្ដេច ហ៊ុន សែន បញ្ជាក់ថា «មិនទាន់ចេះភាសាខ្មែរ ចេះភាសាអង់គ្លេសមុន អាហ្នឹងក៏យើងត្រូវព្រួយដែរ ត្រូវប្រយ័ត្ន យូរៗទៅចេះភាសាបរទេស ខ្សោយភាសាខ្មែរ ប្រឡងបាក់អត់បាក់ឌុបអត់ជាប់ ព្រោះនៅស្រុកខ្មែរ ប្រឡងបាក់ឌុប ត្រូវការអក្សសាស្ដ្រខ្មែរ ខ្ញុំកំពុងតែព្រួយៗ ចៅរបស់ខ្ញុំ ទាំងប៉ុន្មាន គេនិយាយអង់គ្លេសទាំងអស់»។
សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ចៅៗរបស់សម្ដេច ចេះនិយាយភាសាអង់គ្លេសភាគច្រើន លើកលែងតែចៅមួយ មិនទាន់ចេះនិយាយប៉ុណ្ណោះ។ សម្តេចបានរំលេចថា ភាសាអង់គ្លេសក្មេងៗ នាពេលបច្ចុប្បន្ន គឺឈានដល់កម្រិតអន្តរជាតិ ហើយក្នុងនោះក៏មានភាសាចិន កូរ៉េ ជប៉ុន ផងដែរ៕