ភ្នំពេញ៖ ក្រុមប្រឹក្សារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ នេះ បើកកិច្ចប្រជុំបន្ទាន់ ដើម្បីស្វែងរកនូវដំណោះស្រាយបន្ថែម ចំពោះបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ ជាពិសេសការវិវត្តន៍នៅដំណាក់កាលចុងក្រោយនេះ ដែលបានធ្វើឱ្យតំបន់មួយចំនួន ជាពិសេសតំបន់ជាយរាជធានីភ្នំពេញ ជួបប្រទះការខ្វះខាតក្នុងការផ្គត់ផ្គង់ទឹកស្អាត។
ក្នុងកិច្ចប្រជុំនេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ថ្លែងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់ចេញនូវវិធានការមួយចំនួនបន្ថែមទៀត ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដែលបានធ្វើនាពេលកន្លងមក និងដែលបានឆ្លើយតបបានមួយផ្នែកធំទៅនឹងបញ្ហាប្រឈមដែលធ្លាប់បានជួបប្រទះ។
លោកបន្តថា ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏ចូលរួមអន្តរាគមន៍បានទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងលើការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនាពេលកន្លងមកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីអាចឱ្យវិធានការទាំងអស់កាន់តែមានប្រសិទ្ធភាព ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបអាជីវកម្មដែលប្រើប្រាស់ទឹកក្នុងបរិមាណច្រើន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅតំបន់មានសំពាធទឹកខ្ពស់ស្រាប់ គឺជាកត្តាមួយដ៏ចាំបាច់។
លោកបញ្ជាក់ថា ការចូលរួមនេះ អាចធ្វើឡើងតាមរយៈការកាត់បន្ថយការប្រើប្រាស់ទឹកដែលមិនចាំបាច់ ឬ ការបញ្ឍប់ការប្រើប្រាស់ទឹកខ្ជះខ្ជាយ ដែលរួមមាន ការយកទឹកស្អាតទៅលាងឡាន ម៉ូតូ ស្រោចដំណាំ -ល-។ ទាក់ទងនឹងបញ្ហានេះ លោកក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ទឹកដែលមិនមែនជាតម្រូវការចាំបាច់ ដើម្បីជួយសម្រួលដល់ការផ្គត់ផ្គង់ផង និងដើម្បីអនុញ្ញាតឱ្យបងប្អូនដែលរស់នៅឆ្ងាយពីរោងចក្រផលិតទឹកស្អាតអាចប្រើប្រាស់ទឹកស្អាតបានផងដែរ៕