ភ្នំពេញ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសម្តែងការសោកស្តាយចំពោះការខូចខាត និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងសូមជូនពរដល់អ្នករងរបួស សូមឆ្លងផុតគ្រោះថ្នាក់ចំពោះហេតុការណ៍ភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់ នៅខេត្តសៀមរាប។
លោក ហ៊ុន ម៉ានី បានសរសេរនៅលើទំព័ហ្វេសបុកថា ដោយបានទទួលព័ត៌មានអំពីហេតុការណ៍ភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់ នៅខេត្តសៀមរាប ដែលបានបណ្តាលឱ្យដួលរលំនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតាមដងផ្លូវនៅក្នុងក្រុងសៀមរាប និងបង្កឱ្យមានអ្នកស្លាប់ និងរបួសមួយចំនួន ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបចូលរួមសោកស្តាយចំពោះការខូចខាត និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ។
លោកបន្តថា « យើងខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមានចំណាត់ការសមស្រប និងទាន់ពេលវេលាចំពោះបញ្ហាខាងលើ។ យើងនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវស្ថានភាពអាកាសធាតុ និងត្រៀមលក្ខណៈដើម្បីបញ្ចៀសហានិភ័យជាយថាហេតុណាមួយកើតឡើង។ ជាមួយគ្នានេះ សូមបងប្អូនជនរួមជាតិទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកជាទីស្រលាញ់»។
កាលពីវេលាម៉ោង ១៧៖២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ(ខ្យល់កន្ត្រាក់)។ ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួនក្នុងក្រុងសៀមរាប។
ភ្លាមៗ នេះដែរ គណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់ រុះរើជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងឧបទ្ទវហេតុផ្សេងៗ បានរួចរាល់ហើយ នៅវេលាម៉ោង ១៩ និង ២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។
រដ្ឋបាលខេត្តសៀមរាបសំដែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃគ្រោះធម្មជាតិនេះ និងថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមរុះរើនេះ៕