ភ្នំពេញ៖ ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្ស ភ្លើងទៀននៅថ្ងៃ ទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានជួបជុំគ្នានៅបរិវេណស្តូបវីរបាតុករ មុខអតីតមន្ទីររដ្ឋសភា ដើម្បីរៀបចំពិធីបុណ្យបង្សុកូល គោរពវិញ្ញាណក្ខន្ធវីរបាតុករ ដែលបានបាត់បង់ជីវិត ដោយអំពើភេរវកម្មនៃការវាយប្រហារដោយគ្រាប់បែកដៃចំនួន ០៤ គ្រាប់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
បើតាមគណបក្សភ្លើងទៀន ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ គឺជាខួបគំរប់២៦ឆ្នាំ នៃសោកនាដកម្មដ៏រន្ធត់ និង សោកសង្រេង ដោយប្រជាពលរដ្ឋខ្មែរស្លូតត្រង់ប្រមាណ ២០នាក់ ត្រូវបានស្លាប់ និងជាង១០០នាក់ទៀត បានរងរបួស បណ្តាលមកពីអំពើភេរវកម្មដ៏យង់ឃ្នង នៃការវាយប្រហារ ដោយគ្រាប់បែកដៃចំនួន ០៤គ្រាប់ មកលើក្រុមបាតុករដែលកំពុងធ្វើបាតុកម្ម ដោយអហិង្សា និងសន្តិវិធី នៅមុខអតីតមន្ទីររដ្ឋសភា ដើម្បីទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធយុត្តិធម៌ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
គណបក្សនេះបន្តថា រយៈពេល ២៦ឆ្នាំកន្លងមកនេះ ក្រុមគ្រួសារជនរងគ្រោះ នៅតែទទួលរងនូវការឈឺចាប់ ដោយសារជនដៃដល់ និងអ្នកនៅពីក្រោយខ្នង នៃអំពីភេរវកម្មនៃការវាយប្រហារដោយគ្រាប់បែកដ នៅពុំទាន់ត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសនៅឡើយ។
គណបក្ស ភ្លើងទៀន អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច វែកមុខ និងចាប់ខ្លួនឃាតកពិត និងអ្នកនៅពីក្រោយខ្នងនៃអំពើភេរវកម្មនេះ យកមកផ្តន្ទាទោសតាមច្បាប់ ជាធរមាន ដើម្បីផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះ និងបញ្ចប់វប្បធម៌និទណ្ឌភាពនៅកម្ពុជា៕