គម្រោងស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅភ្នំពេញ សម្រេចបានប្រមាណ ៩០% ហើយ

ភ្នំពេញ៖ គម្រោងស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ សម្រេចបានលទ្ធផលទុកប្រមាណ ៩០% ហើយ។ នេះ បើតាមការចុះត្រួតពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់របស់មន្ត្រីរដ្ឋាភិបាលរាជធានីភ្នំពេញនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ថ្លែងថា គម្រោងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ជំហានទី១ នៅរាជធានីភ្នំពេញនេះ សម្រេចបានលទ្ធផលតាមការគ្រោងទុកប្រមាណ ៩០% ហើយ ដែលនឹងឈានទៅសម្រេចការសាងសង់ ១០០% នៅចុងខែមេសា ដោយរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយនេះ នៅពាក់កណ្តាលខែឧសភាខាងមុខ។

លោកបន្តថា សមិទ្ធផលនេះ ជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលយើងទាំងពីរបានសហការគ្នាលើការងារនេះ តាំងពីឆ្នាំ២០១៨ មកម្លេះ ហើយយើងក៏សង្ឃឹមថានឹងអាចកៀរគរហិរញ្ញប្បទានបន្ថែម ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មជាបន្តបន្ទាប់ទៀតទៅតាមផែនការ សំដៅចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៕