ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការគ្នាឲ្យបានស្អិតរមួត ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ចុះធ្វើការត្រួតពិនិត្យនៅតាមមន្ទីរពេទ្យ គ្លីនិកឯកជន នៅក្នុងរាជធានីភ្នំពេញទាំងអស់ បើទោះបីមានច្បាប់ ឬមិនមានច្បាប់។
ការណែនាំបែបនេះ របស់លោក ឃួង ស្រេង ធ្វើឡើងនាព្រឹកថ្ងៃ២៨ មីនា ក្នុងពិធីបើកសន្និបាតបូកសរុប សមិទ្ធផលសុខាភិបាលឆ្នាំ២០២២ របស់មន្ទីរសុខាភិបាល ។ ការឲ្យចុះពិនិត្យមន្ទីរពេទ្យ និងពេទ្យឯកជននេះ ក៏ដោយសារកន្លងមកមានករណីធ្វេសប្រហែសធ្វើឲ្យអ្នកជំងឺស្លាប់ ។
លោក ឃួង ស្រេង បន្តថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវចុះអនុស្សារណៈយោគយល់(MOU)ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីបំពេញការងារ លើវិស័យសុខាភិបាល ដើម្បីឲ្យសុខភាពប្រជាពលរដ្ឋកាន់តែប្រសើរ ថែមមួយកម្រិតទៀត។ មន្ទីរសុខាភិបាលត្រូវ បន្តការសហការជាមួយអាជ្ញាធរខណ្ឌចុះធ្វើការត្រួតពិនិត្យ នៅតាមមន្ទីរពេទ្យ គ្លីនិកឯកជន នៅក្នុងរាជធានីភ្នំពេញទាំងអស់ បើទោះបីមានច្បាប់ឬមិនមានច្បាប់ដោយមិនអាចទុកឲ្យមានអ្នកជំងឺស្លាប់ ទើបចុះពិនិត្យ និងបិទអាជីវកម្មនោះទេ។
អភិបាលរាជធានីក៏បានធ្វើការណែនាំមណ្ឌលសុខភាព មន្ទីរពេទ្យនានា ជាមន្ទីរពេទ្យដែលមានបរិស្ថាន អនាម័យល្អ។ អ្វីដែលល្អបំផុត គឺការអនុវត្តការងារជាក្រុម។ ដោយមើលឃើញពីបញ្ហានេះ ទើបរាជរដ្ឋាភិបាល ប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ សំដៅឲ្យការផ្តល់សេវា ត្រូវតែនៅគៀកកិត និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋ៕