ក្រុងសៀមរាប នឹងរៀបចំវគ្គហ្វឹកហាត់ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យ ក្នុងតំបន់ Pub Street និងផ្សារចាស់

សៀមរាប៖ រដ្ឋបាលក្រុងសៀមរាប នឹងសហការជាមួយស្នងការដ្ឋានគរបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង អាជ្ញាធរភូមិ-សង្កាត់ និងក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន រៀបចំវគ្គហ្វឹកហាត់ ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យ ដែលមានទីតាំងនៅបរិវេណតំបន់ Pub Street និង ផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:០០នាទីព្រឹក។

តាមសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន គ្រប់ប្រភេទ និងសាធារណជនរបស់រដ្ឋបាលក្រុងសៀមរាបនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ នេះ ឱ្យដឹងថា ការេរៀបចំវគ្គហ្វឹកហាត់ ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យក្នុងគោលបំណងហ្វឹកហាត់ ដល់ជនបង្គោល អាជីវករ និងប្រជាពលរដ្ឋក្នុងតំបន់ផាប់ស្ទើត និងផ្សារចាស់ ដើម្បីមានសមត្ថភាពអាចចូលរួម ជួយពន្លត់អគ្គិភ័យករណីកើតឡើងជាយថាហេតុ។

រដ្ឋបាលក្រុងសៀមរាបបានអំពាវនាវ ឱ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន និងសាធារណជនទាំងអស់ដែលកំពុងធ្វើអាជីវកម្ម និងរស់នៅក្នុងតំបន់ផាប់ស្ទើត និងផ្សារចាស់ ចូលរួម ក្នុងវគ្គហ្វឹកហាត់នេះឲ្យបានច្រើន និងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន និង សាធារណជនទាំងអស់ នឹងចូលរួមសហការអនុវត្តឲ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់។

តំបន់ផាប់ស្ទើត និង ផ្សារចាស់ ជាតំបន់ដ៏មានប្រជាប្រិយភាពមួយរបស់ខេត្តសៀមរាប សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទៅលេងកម្សាន្ត និង លម្ហែកាយ៕