ភ្នំពេញ៖ ការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ចិន-អាស៊ានពីមួយឆ្នាំ ទៅមួយឆ្នាំ បានធ្វើឲ្យមានការកើនឡើងទាំងចំនួនក្រុមហ៊ុន ទាំងពាណិជ្ជករ។ នេះបើតាមលោកឈួន ដារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅក្នុងវេទិកាផ្សព្វផ្សាយពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ នាថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២៣។
លោកបន្តថា ក្នុងការចូលរួមមួយលើកៗ កម្ពុជា បានទទួលពានរង្វាន់ជាហូរហែរតាមប្រភេទនីមួយៗ ពីគណៈកម្មការCAEXPO ដូចជា៖ ពានរង្វាន់Best Visitor Organizer, Best City of Cham Pavilion Preparation, Best Promotion on Investment Cooperationជាដើម។
លោកបន្ថែមថាទាក់ទងនឹងព្រឹត្តិការណ៍នេះ ក្រសួងពាណិជ្ជកម្ម បានត្រៀមលក្ខណៈចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ ខាងមុខនេះ និងបានត្រៀមខ្លួនរួមសហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន និងក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ ក្នុងអំឡុងពេលពិព័រណ៍ ដើម្បីកៀគរអ្នកទេសចរណ៍ និងវិនិយោគិនចិនចូលមកទស្សនានិងវិនិយោគនៅកម្ពុជា។
បើតាមក្រសួងពាណិជ្ជកម្ម ពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណានជីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ វេទិកាផ្សព្វផ្សាយនេះ មានគោលបំណងកៀរគរក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករកម្ពុជា ទៅចូលរួមពិព័រណ៍ចិន-អាស៊ានដោយផ្ទាល់ឡើងវិញ ដូចមុនកើតមានវិបត្តិកូវីដ-១៩ ។
ក្រសួងពាណិជ្ជកម្មក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នឹងជ្រើសរើសខេត្តស្រស់ប្រិមប្រីយរបស់កម្ពុជា សម្រាប់រៀបចំសាងសង់ជាពន្លាជាតិក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សម្រាប់ជូនភ្ញៀវទស្សនា ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនាអន្តរជាតិ។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើជាដៃគូសហការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន ជាលើកដំបូងនៅឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន មានចំនួន២០លើកហើយ (គិតក្នុងឆ្នាំ២០២៣នេះ) និងបានធ្វើជាប្រទេសកិត្តិយសចំនួន២ លើក ដែលលើទី១ នៅឆ្នាំ២០០៨ និងលើកទី២ នៅឆ្នាំ២០១៨ ហើយ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ានដោយផ្ទាល់ បានចំនួន ១១លើក និងក្នុងអំឡុងពេលកូវីដ-១៩ កាលពីឆ្នាំ២០២០-២០២២ សម្តេច បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសម្ពោធពិព័រណ៍ពីចម្ងាយ តាមរយៈការថតវីដេអូទុកចាក់ផ្សាយក្នុងពេលសម្ពោធ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់កម្ពុជាចំពោះការរៀបចំពិព័រណ៍ចិន-អាស៊ាន ខាងលើ៕