ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបំពេញបែបបទសម្របសម្រួលអ្នកដំណើរជាជនបរទេសចូលមកកម្ពុជា ជាលក្ខណៈអន្តរជាតិសរុបចំនួន២,១២៥,៥២១នាក់ ស្មើនឹង២១៣សញ្ជាតិ ក្នុងនោះទេសចរណ៍ ១,៥៩៩,៧៩២នាក់ ពាណិជ្ជករ ៣៨១,២៣៦នាក់ ការទូត៦,៨៨៤នាក់ ផ្លូវការ៨,៩៧១នាក់ បោរីភាព៧,៩៤០នាក់ នាវិក៤៦,៦៥៣នាក់ អនិកជន៧២,៣៦១នាក់ និងអ្នកដំណើរឆ្លងកាត់ចំនួន១,៦៨៤នាក់ ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលេីកទិសទៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ លោក ណុប វី អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យដឹងថា ចំណែកជនបរទេសដែលចេញពីកម្ពុជា ជាលក្ខណៈអន្តរជាតិវិញ មានចំនួន១,៩០០,១៦៥នាក់ ស្មើនឹង២១៧សញ្ជាតិ។ ជនបរទេសបានចូលមកកម្ពុជាជាលក្ខណៈតំបន់ព្រំដែន សរុបចំនួន ៦២៧,៩៩២នាក់ ខណៈការចេញជាលក្ខណៈតំបន់ព្រំដែននេះមានចំនួន ៦២០,៤៣៧នាក់។
លោកបន្តថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបំពេញបែបបទ និងសម្រួលការធ្វើដំណើរចេញជាលក្ខណៈអន្តរជាតិ ជូនពលរដ្ឋខ្មែរក្នុងឆ្នាំ២០២២ បានចំនួន៨៩៥,៤៣៦នាក់ ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ខណៈពលរដ្ឋខ្មែរ បានចូលមកប្រទេសវិញជាលក្ខណៈអន្តរជាតិមានចំនួន ៨១៩,២០៥នាក់។
បើតាម លោក ណុប វី ក្នុងដំណើរការការងារគ្រប់គ្រងការចេញ-ចូលប្រទេសនេះដែរ មន្រ្តីនគរបាលប្រចាំការនៅច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ បានត្រួតពិនិត្យរកឃើញបទល្មើស ចំនួន៧៩២លើក ប្រព្រឹត្តិដោយអ្នកដំណើរ១,១៣៤នាក់ ដោយបានចាត់វិធានការផ្អាកដំណើរ និងបញ្ជូនត្រឡប់ថយក្រោយវិញ។ អ្នកទាំងនោះជាជនចិន វៀតណាម ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង អូស្រ្តាលី បង់ក្លាដែសឥណ្ឌា ថៃ អាមេរិក អង់គ្លេស តៃវ៉ាន់ សឹង្ហបូរី ស្រីលង្កា ដាណឺម៉ាក បារាំង បែលហ្សិក រុស្សី និងសេនឃិត។
លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានទទួលជោគជ័យលើការគ្រប់គ្រងវត្តមានជនបរទេសដែលស្នាក់នៅ ការចេញ-ចូល គឺគ្រប់គ្រងដោយយកចិត្តទុកដាក់ម្មត់ចត់ និងទទួលបានលទ្ធផលជាវិជ្ជមាន ពិសេសការចេញ-ចូលតាមច្រកទ្វារព្រំដែនអន្ដរជាតិ ក៏ដូចជាការគ្រប់គ្រងស្នាក់នៅរបស់ជនបរទេស ដែលនៅផ្ទៃក្នុងប្រទេសដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
លោកបន្តថា ក្នុងឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានបានបណ្ដេញជនបរទេសដែលស្នាក់នៅដោយខុសច្បាប់ និងរត់គេចខ្លួនពីសំណាញ់ច្បាប់ពីបរទេសមកលាក់ខ្លួននៅកម្ពុជា សរុបចំនួន៥៨២៥នាក់ ក្នុងនោះមាន៤២សញ្ជាតិ។ សញ្ជាតិដែលបណ្ដេញចេញច្រើនជាងគេ គឺចិន ថៃ វៀតណាម ឥណ្ឌូនេស៉ី និងម៉ាឡេស៉ី។
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ដែលបានសហការគ្នាបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបាននូវសមិទ្ធផលនានាជាច្រើនក្នុងឆ្នាំ២០២២កន្លងទៅនេះ។
លោកបានចាត់ទុកស្នាដៃ និងសមិទ្ធផលដែលខិតខំសម្រេចបាន គឺពិតជាបានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕