ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបញ្ជា ឱ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាគ្នា ដើម្បីឆ្លើយតបន្ទាន់ចំពោះការជួយដល់កម្មករ និងកម្មការិនីដែលត្រូវបានព្យួរការងារ បណ្តោះអាសន្ន ដោយសាររោងចក្របិទទ្វា។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស-និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅថ្ងៃទី ៦ ខែមីនានេះ សម្តេច ហ៊ុន សែន បានថ្លែងថា សម្ដេច បានទទួលរបាយការណ៍ពីសហជីពមួយ ពាក់ព័ន្ធនឹងបញ្ហានៃការផ្អាកដំណើរការរោងចក្រមួយចំនួនដែលធ្វើឲ្យកម្មករ-កម្មការនីមួយចំនួនត្រូវបានព្យួរការងារ និងបានស្នើសុំឲ្យរាជរដ្ឋាភិបាល ជួយអន្តរាគមន៍។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេច ហ៊ុន សែនបានបញ្ជូនការងារនេះ ទៅ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លក អ៊ិត សំហេង និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោក អូន ព័ន្ធមុនីរ័ត្ន ដើម្បីដោះស្រាយបញ្ហានេះឱ្យពិភាក្សាគ្នាដើម្បីឆ្លើយតបលើបញ្ហានេះ ហើយកិច្ចការងារនេះ វាមិនច្រើនដូចសម័យកូវីដទេ។
សម្ដេច ហ៊ុន សែន ថ្លែងថា «ចឹងសម្រាប់កម្មករ ដែលព្យួរការងារ យើងត្រូវពិភាក្សាជាមួយនឹងម្ចាស់រោងចក្រ យើងធ្វើដូចសម័យកូវីដ រាជរដ្ឋាភិបាល ៤០ ម្ចាស់រោងចក្រ ៣០ ហើយគួរត្រូវបានអនុវត្តចាប់ពីខែមេសាតទៅ»៕ ដោយ៖ ពុទ្ធិពល